(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ការសិក្សាអំពីអត្ថបទព័ត៌មានក្ដៅ ក្នុងសប្ដាហ៍នេះថ្នាក់សិក្សារបស់ FTC នឹងសិក្សាបន្តអំពីប្រភេទបទយកការណ៍។ បទយកការណ៍ ដែលជាប្រភេទអត្ថបទវែង និងស៊ីជម្រៅ ហើយត្រូវបានគេបែងចែកជា២ប្រភេទគឺ Feature Story និង News Story។

បទយកការណ៍ ហាក់ត្រូវបានគេមិនសូវចាប់អារម្មណ៍ដោយសារតែមិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ដូចព័ត៌មានទាន់ហេតុការណ៍ និងដោយសារអត្ថបទបទយកការណ៍តែងតែជាប្រភេទអត្ថបទវែង។ ដូច្នេះហើយ បានធ្វើឲ្យអ្នកចាប់ជំនាញសារព័ត៌មានថ្មីថ្មោង ហាក់មើលរំលង ឬមិនសូវចាប់អារម្មណ៍។

យ៉ាងណាមិញ នៅក្នុងនាមជាព្រឹទ្ធាចារ្យនៅក្នុងវិស័យសារព័ត៌មានម្នាក់ លោក ម៉ារ យ៉ារិទ្ធ បានផ្ដល់យោបល់ថា៖ «ការសរសេរអត្ថបទដើម្បីឱ្យទស្សនិកជនចាប់អារម្មណ៍ មិនមែនមកពីអត្ថបទនោះជាអត្ថបទក្តៅ ឬអត្ថបទយកការណ៍នោះទេ។ អត្ថបទមួយណាក៏អាចទាញឱ្យគេចាប់អារម្មណ៍បានដែរ ហើយជួយឱ្យអ្នកសរសេរល្បីបានដែរ បើសិនជាអ្នកសរសេរបានយល់នូវសាច់រឿងនៅក្នុងការរៀបរាប់ និងប្រាប់ឱ្យគេឆាប់យល់នូវសាច់រឿងតែប៉ុណ្ណោះ»

បន្ថែមពីនេះប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានពន្យល់អំពីចំណុចពិសេសនៃអត្ថបទ បទយកការណ៍ទៀតថា ការសរសេរអត្ថបទយកការណ៍បានល្អ គឺត្រូវចេះស្រាវជ្រាវ ចេះតាមដាន មានចំណេះដឹង និងជំនាញក្នុងខ្លួនសម្រាប់តាមដានរឿងពាក់ព័ន្ធ, ការចេះសន្សំ និងប្រមូលឯកសារពាក់ព័ន្ធ, ការសាកសួរសាក្សី, សាកសួរប្រភព ដើម្បីឱ្យសាច់រឿងប្រមែប្រមូលបានស៊ីសង្វាក់គ្នា នេះជាកត្តាចាំបាច់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC មានរយៈពេល៣ខែ ដែលសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

បើទោះជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី ក៏វគ្គសិក្សានៅតែដំណើរការជាធម្មតា តាមគន្លងថ្មី ជាមួយនឹងការអនុវត្តវិធានការសុខាភិបាល។ វគ្គសិក្សានេះ ទទួលបានចំណាប់អារម្មណ៍ពីសិក្ខាកាមយ៉ាងផុសផុលលើមេរៀនដែលបានសិក្សា។ ស្របជាមួយថ្នាក់រៀនដែលបានគិតគូរអំពីសុវត្ថិភាពរបស់សិក្ខាកាមដោយមានការរក្សាគម្លាតសុវត្ថិភាព វាស់កម្ដៅ និងបាញ់អាកុលមុនចូលរៀនថែមទៀតផង។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334