Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Donald Trump៖ អង់គ្លេស គួរតែដកខ្លួនពីសមាជិកអឺរ៉ុប និងរំដោះខ្លួនពីបញ្ហាផ្សេងៗ

06-05-2016 10:23

(អាមេរិក)៖ បេក្ខជនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំភ៍ (Donald Trump) បានថ្លែង ផ្ទុយពីលោក បារ៉ាក់ អូបាម៉ា ថាចក្រភពអង់គ្លេសគួរតែចាកចេញ ប្រសើរជាជាងនៅបន្តធ្វើជា សមាជិករបស់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News នាថ្ងៃព្រហស្បតិ៍ លោក ត្រាំភ៍ ថ្លែងដូច្នេះថា «ខ្ញុំគិតថា បញ្ហាជនភៀសខ្លួន គឺបានក្លាយជាប្រធានបទគួរព្រឺព្រួចមួយទៅហើយ នៅអឺរ៉ុប។ បញ្ហាដែលកើតឡើងទាំងនោះ គឺបណ្តាលមកពីអឺរ៉ុបខ្លួនឯង។ ដូច្នេះខ្ញុំអាចនិយាយបានថា ពួកគេគួរតែចាកចេញពីអឺរ៉ុបខ្លួនឯង ប៉ុន្តែខ្ញុំចង់ប្រាប់ថា នេះមិនមែនជាការណែនាំរបស់ខ្ញុំឡើយ ដោយវាគ្រាន់តែអាម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ»

ទោះជាបែបនេះក្តីលោក ដូណាល់ ត្រាំភ៍ ដែលជិតឈានឆ្ពោះទៅរកបេក្ខភាពប្រធានាធិបតីតំណាង បក្សសាធារណរដ្ឋក្នុងពេលឆាប់ៗនេះ បានថ្លែងថា លោកចង់ឲ្យអង់គ្លេសបានល្អដោយគ្មានអឺរ៉ុប ប៉ុន្តែលោកគោរព និងចង់ឲ្យប្រជាជនអង់គ្លេសធ្វើការសម្រេចចិត្តដោយខ្លួនឯង។ គួរបញ្ជាក់ថា អង់គ្លេសនឹងធ្វើការបោះឆ្នោតប្រជាមតិ នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ ដើម្បីសម្រេចថាតើគួរតែនៅ អឺរ៉ុបទៀត ឬក៏ចាកចេញ៕