Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តោះ! រង់ចាំមើលទាំងអស់គ្នា ថាតើនៅថ្ងៃសុក្រនេះ នឹងមានអ្វីកើតឡើងខ្លះនៅកូរ៉េខាងជើង

06-05-2016 10:02

(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ គឺជាថ្ងៃប្រារព្ធសមាជគណបក្សពលករ កូរ៉េ ដែលមិនធ្លាប់បានធ្វើឡើងជិត ៤០ឆ្នាំមកហើយ ដោយលើកនេះកូរ៉េខាងជើងមានគោលដៅ បង្ហាញពីឥទ្ធិពលអំណាចនៃប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន និង ការអភិវឌ្ឍកម្មវិធី នុយក្លេអ៊ែរ ដែលត្រូវបានរដ្ឋនេះចាត់ទុកជា ខែលការពារដ៏ខ្លាំងក្លាបំផុតរបស់ជាតិ។ នេះបើតាម ការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ។

មេដឹកនាំថ្នាក់ខេត្ត និង តំបន់ទាំងអស់ រួមទាំងផ្នែកយោធាផងដែរ នឹងត្រូវមកប្រមូលផ្តុំគ្នា នៅរដ្ឋធានីព្យុងយ៉ាង ដើម្បីស្តាប់ពីគោលនយោបាយដឹកនាំ ដែលថ្លែងដោយមេដឹកនាំកំពូល ជំនាន់ទីបី គីម ជុងអ៊ុន។ យ៉ាងណាក៏ដោយ អន្តរជាតិកំពុងតែមានការព្រួយបារម្ភថាកូរ៉េខាងជើង អាចធ្វើតេស្តបាញ់គ្រាប់មីស៊ីលប្រភេទថ្មី ឬ ក៏អាចខ្លាំងជាងនេះទៅទៀតគឺការសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ អំឡុងពេលនៃការធ្វើសមាជដ៏មហាកំរមួយនេះ ជាក់ជាមិនខាន។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានទទួលបរាជ័យពីរលើករួចមកហើយ នូវការធ្វើតេស្តគ្រាប់មីស៊ីល រយៈចម្ងាយមធ្យម Musudan កាលពីអំឡុងខែមេសា ដែលការព្យាយាមនោះគឺទំនងជាការចង់ បង្កើតស្នាដៃមួយ ដើម្បីទុកអួតចំពោះមុខប្រជាជាតិ នៅថ្ងៃសមាជបក្សនោះឯង។ ក៏ប៉ុន្តែគេមិនទាន់ ដឹងថាតើនៅថ្ងៃសុក្រ នេះនឹងមានរឿងអ្វីកើតឡើងខ្លះក្រៅពីការធ្វើសមាជបក្សដ៏ធំនោះឡើយ។ ប្រទេសដែលប្រុងជើងការ និង តាមដានរាល់សកម្មភាពកូរ៉េខាងជើងពេលនេះ គឺកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន៕