(ព្រះវិហារ)៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាក់បទបញ្ជាឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៅតាមកងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ ដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ត្រូវយកចិត្តទុកដាក់ខ្ពស់ការពារបូរណភាពទឹកដី ពិសេសត្រូវទប់ស្កាត់បទល្មើសឆ្លងដែននានាឱ្យមានប្រសិទ្ធភាពខ្ពស់។
បទបញ្ជានេះរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានធ្វើឡើងក្នុងឱកាសលោកចូលរួមក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំឆ្នាំ២០២១ និងអនុវត្តន៍បន្តឆ្នាំ២០២២ របស់តំបន់ប្រតិបត្តិការ សឹករងព្រះវិហារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីឧត្តមសេនីយ៍ត្រី ហ៊រ ពិសិដ្ឋ នាយរងសេនាធិការយោធភូមិភាគទី៤ តំណាងលោកឧត្តមសេនីយ៍ទោ លាង ឡេង មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ព្រមទាំងនាយទាហាន នាយទាហានរងជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ ប្តេជ្ញាចិត្តគោរព និងអនុវត្តន៍តាមបទបញ្ជា សេចក្ដីណែនាំរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកមេបញ្ជាការរង នាយទាហាន នាយទាហានរងទាំងអស់ គ្រប់កងឯកភាពចំណុះ ដែលកន្លងមកបានខិតខំប្រឹងប្រែង អនុវត្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន ជាពិសេសការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកបំពេញការងារ និងទស្សនកិច្ចនៅក្នុងខេត្តព្រះវិហារ។
ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ទោមេបញ្ជាការ បានបន្តថា ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ កម្លាំងកងទ័ពរបស់តំបន់ប្រតិបតិ្តការសឹករងព្រះវិហារ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ ដោយបានអនុវត្តតាមបទបញ្ជា តាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល អគ្គបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ជាក់ស្តែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន បងប្អូនយោធិន គ្រួសារទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ និងការទទួលខុសត្រូវខ្ពស់។
ជាក់ស្តែងឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ដោយឈរលើផែនការការងារកសាង ការពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ធានាបានគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន គ្រប់កងឯកភាពចំណុះឱ្យតំបន់សឹករងព្រះវិហារត្រូវ បន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការងារសន្តិសុខ បន្តលើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ពង្រឹងប្រៀបការពារជាតិ ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះបន្លែ និងបន្តកសាងផ្លូវបេតុងចូលទីបញ្ជាការព្រមទាំងអាគារទីបញ្ជាការថ្មី ការបង្កើនធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ប្រកបដោយសុខមាលភាព ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយកត្តាមនុស្ស និងធម្មជាតិជាហថាហេតុ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានគោរពអគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកឧត្តមសេនីយ៍ឯក ពៅ ហេង ដែលកន្លងមក តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពការងារ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រទូទាំងខេត្ត៕