(ភ្នំពេញ)៖ លោក ស្រី ចំរេីន តំណាងយុវជន និងនិស្សិតមួយចំនួន នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំយុវជនប្រមាណ៣០នាក់ ទៅដល់វេទិកាសាធារណៈរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅខេត្តកំពង់ធំ។ លោក ស្រី ចំរើន មានបំណងស្នើសុំជួប សុំការបកស្រាយពាក់ព័ន្ធរឿងប្រព្រឹត្តអំពើអនាចាជាមួយស្រីមុំ។
នៅថ្ងៃនេះ លោក កឹម សុខា បានធ្វើពិធីនៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ដោយឡែកនៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា វេលាម៉ោង៨ព្រឹក ធ្វើនៅទីស្នាក់ការគណបក្សខេត្តសៀមរាប ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ខណៈដែលលោកកឹម សុខាអះអាងបែបនេះ លោក ស្រី ចំរើន បានប្រាប់ Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបាទ និងតំណាងយុវជន៣០នាក់ ទៅខេត្តកំពង់ធំថ្ងៃទី៦ និង ខេត្តសៀមរាបថ្ងៃទី៧ ខែឧសភានេះ ស្នើសុំជួបលោកកឹម សុខា ដើម្បីឲ្យគាត់បកស្រាយរឿងប្រព្រឹត្តអំពើអនាចារជាមួយស្រីមុំ»។
សូមបញ្ជាក់ថា បច្ចុប្បន្នសំណុំរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា ជាមួយនារីក្រៅផ្ទះ ដែលត្រូវបានទម្លាយតាមទំព័រ Facebook «រឿងពិត CNRP» កំពុង និងធ្វើឲ្យ មានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋាននានា។ តែទោះជាយ៉ាងណា លោក កឹម សុខា នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ដោយអនុវត្តតាមទ្រឹស្តី «មិនឆ្លើយ មិនឆ្លង មិនឈ្លោះ»។
បើទោះបីជាលោក កឹម សុខា រក្សាជំហរមិនឆ្លើយតបទៅនឹងរឿងអាស្រូវនេះក្តី តែតួអង្គស្រីម្នាក់ ក្នុងចំណោមតួអង្គជាច្រើននាក់ គឺកញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ បានចេញសារភាព និងទទួលស្គាល់អាស្រូវស្នេហ៍របស់ខ្លួន ជាមួយលោក កឹម សុខា ព្រមទាំងបានប្តឹង លោក កឹម សុខា ទារសំណងជំងឺចិត្តប្រមាណ ៣០ម៉ឺនដុល្លារផងដែរ៕