(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងរបស់លោកបានស្រាវជ្រាវតាមបង្ក្រាបជនសង្ស័យជាមុខសញ្ញាប្លន់ម្នាក់បាន ដែលស្ថិតនៅចំណុចមុខ នាយកដ្ឋានអង្គរក្ស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធី បូរ៉ាឌី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១B១ ផ្លូវលេខ១៩ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ង៉ៅ កុលាប ហៅ ង៉ូវ កូឡាប ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកខាងអ៉ិនធឺណេតស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុម១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្ភារដែលត្រូវបាត់បង់រួមមាន៖ ប្រាក់ចំនួន ៣៨០០ដុល្លារ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ វេលាម៉ោង១៨៖៤០នាទី មានជនសង្ស័យម្នាក់ បានដើរចូលក្នុងហាង អ៉ិនធឺណេតមួយកន្លែង យីហោ «ហែបភីណេត» ផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុម១៣ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែភ្ជង់បន្លយកប្រាក់ចំនួន៣៨០០ដុល្លារ បានសម្រេច ហើយក៏រត់គេចខ្លួនចេញ ពីទីតាំងខាងលើតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមៗ លោកវរសេនីយ៍ឯក ប៊ុន សត្យា ក៏បានបញ្ជាឲ្យកម្លាំងចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការត្រួតពិនិត្យនៅជុំវិញទីតាំងខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញរបស់លោកបានស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបមុខសញ្ញាប្លន់ខាងលើនេះបាននៅត្រង់ចំណុចមុខនាយកដ្ឋានអង្គរក្ស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕