(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា បានផ្ដល់ការបណ្ដុះបណ្ដាលបំពាក់បំប៉នចំណេះដឹង និងជំនាញសង្គ្រោះបឋមមួយចំនួនដល់អ្នកស្ម័គ្រចិត្តចំនួន២៥នាក់ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីធ្វើជាភ្នាក់ងារជួយសង្គ្រោះបឋម និងសហការជាមួយមន្ត្រីមានសមត្ថកិច្ចក្នុងការជួយប្រជាជននៅមូលដ្ឋាននេះ ក្នុងពេលជួបគ្រោះថ្នាក់ ឬគ្រោះមហន្តរាយផ្សេងៗ។

អ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំង២៥នាក់នេះ គឺជាអតីតយុទ្ធជន ជាគ្រួសារ និងកូនៗរបស់អតីតយុទ្ធជន ដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ខណៈប្រជាជនដែលរស់នៅក្នុងភូមិទើបបង្កើតថ្មីមួយនេះមានចំនួនសរុប៦២៨គ្រួសារ។

លោក ទេព រ៉ុម អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំង២៥នាក់នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងបំពាក់បំប៉នវិជ្ជា ជំនាញ ដើម្បីឱ្យពួកគាត់អាចជួយសង្គ្រោះប្រជាជននៅក្នុងសហគមន៍ ទៅតាមស្ថានភាពដែលកើតមានជាយថាហេតុណាមួយ។ ម្យ៉ាងវិញទៀត ក៏ដើម្បីកសាងសមត្ថភាពរបស់ពួកគាត់ឱ្យក្លាយជាភ្នាក់ងាររាយការណ៍ទៅកាន់ប្រជាការពារ ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ ឬក៏មន្ត្រីមានសមត្ថកិច្ច ដើម្បីងាយស្រួល និងឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការចុះមកជួយប្រជាជនរងគ្រោះនៅមូលដ្ឋាននេះ។

លោក ទេព រ៉ុម ដែលជាគ្រូបង្គោលបង្រៀនវិជ្ជាសុខភាព និងសង្គ្រោះបឋមជាង២៦ឆ្នាំមកហើយនោះ បានបន្តទៀតថា នៅក្នុងការបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃមកនេះ គឺមានការបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហមកាលពីគ្រាដំបូង គោលការណ៍គ្រឹះរបស់កាកបាទក្រហម សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស។ ក្រៅពីនេះ ក៏បានបណ្ដុះបណ្ដាលអំពីភាពធន់នៅក្នុងសហគមន៍ ដែលមានមេរៀនលម្អិតក្នុងនោះជាច្រើនទៀត។ បន្ទាប់មកទៀត មានការបណ្ដុះបណ្ដាលពីការគ្រប់គ្រងគ្រោះមហន្តរាយ ការរីករាលដាលនិងការបំប្លែងខ្លួននៃជំងឺកូវីដ១៩ ព្រមទាំងវិធានការណ៍បង្ការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ពិសេសគឺវិធានការ ៣ការពារ និង៣កុំ។

មិនតែប៉ុណ្ណោះ ក៏មានការបណ្ដុះបណ្ដាលពីវិជ្ជាសុខភាព និងវិជ្ជាសង្គ្រោះបឋម ដោយលោក ទេព រ៉ុម បានបញ្ជាក់ទៀតថា ចំពោះវិជ្ជាសង្គ្រោះបឋមនេះគឺពិតជាសំខាន់ ហើយកាកបាទក្រហមកម្ពុជាមានការយកចិត្តទុកដាក់ខ្លាំងណាស់ដែរចំពោះកិច្ចការនេះ ពីព្រោះនៅពេលប្រជាជនជួបគ្រោះថ្នាក់ណាមួយនៅមូលដ្ឋាន គឺមានអ្នកស្ម័គ្រចិត្តកាកបាទក្រហមនេះហើយដែលនៅជិតប្រជាជនជាងគេ ដូច្នេះក៏នឹងអាចជួយសង្គ្រោះពួកគាត់មុនគេដែរ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជា បានបញ្ជាក់ដែរថា ការបណ្ដុះបណ្ដាលបំពាក់បំប៉នចំណេះដឹងពីសុខភាព និងជំនាញសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តចំនួន២៥នាក់នេះ គឺពិតជាមានសារសំខាន់ណាស់ ដោយដូចយើងដឹងស្រាប់ហើយថា មុននឹងមានការបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះទៅដល់មន្ទីរពេទ្យ ជូនកាលក៏ចាំបាច់ត្រូវមានការសង្គ្រោះបឋមជាមុនដែរ ដូច្នេះអ្នកស្ម័គ្រទាំង២៥នាក់នេះក៏អាចប្រើចំណេះជួយសម្រួលទុក្ខលំបាករបស់ប្រជាជនបានខ្លះដែរ។ លោកស្រីបានបន្តថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំង២៥នាក់នេះ នឹងក្លាយជាភ្នាក់ងាររាយការណ៍ទៅកាន់មន្ទីរពេទ្យ ប្រជាការពារ មន្ត្រីមានសមត្ថកិច្ច ឬទៅកាន់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញជាដើម។

លោកស្រី ម៉ែន នារីសោភ័គ បានបន្តទៀតថា មិនត្រឹមតែការបំពាក់បំប៉នវិជ្ជាសុខភាព និងវិជ្ជាសង្គ្រោះបឋមប៉ុណ្ណោះទេ កាកបាទក្រហមកម្ពុជាក៏បានបំផុសស្មារតីឱ្យអ្នកស្ម័គ្រចិត្តចូលរួមជួយប្រជាជនណាដែលមានស្ថានភាពលំបាក ដូចជាអ្នកមានពិការភាព ឬមិនមានកូនចៅនៅជិត-នៅជាមួយ ដូច្នេះអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលប្រចាំនៅភូមិនេះ ត្រូវចេះសាមគ្គីគ្នា ឬប្រវាសដៃគ្នាក្នុងការជួយការងារដាំដុះ ឬមធ្យោបាយដឹកជញ្ជូនរបស់អ្នកដែលមានស្ថានភាពលំបាកទាំងនោះ។

ក្រៅពីការបំពាក់បំប៉ុននូវជំនាញទាំងនេះហើយ កាកបាទក្រហមកម្ពុជាក៏បានផ្ដល់នូវសម្ភារបរិក្ខារចាំបាច់មួយចំនួនដល់អ្នកស្ម័គ្រទាំង២៥នាក់នេះផងដែរ ដូចជា អាវសម្រាប់ចុះបំពេញការងារក្នុងពេលធម្មតា និងក្នុងពេលចូលរួមក្នុងកិច្ចការងារសង្គ្រោះបឋម។ ក្រៅពីនោះមានផ្ដល់នូវសំពៀតសង្គ្រោះបឋមសម្រាប់ដាក់គ្រឿងបរិក្ខារជួយសង្គ្រោះ ហើយក៏បានផ្ដល់ជូនវិទ្យុទាក់ទង ឬ Icom ម្នាក់មួយគ្រឿងដែរ សម្រាប់ទាក់ទងទៅកាន់ក្រុមការងារអ្នកស្ម័គ្រចិត្តដូចគ្នាក្នុងពេលត្រូវការកម្លាំងជួយសង្គ្រោះជាដើម។

បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃមកនេះ អ្នកស្រី កែវ ស្រីមុំ ដែលជាប្រធានក្រុមនៃអ្នកស្ម័គ្រកាកបាទក្រហមកម្ពុជានៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានទទួលនូវចំណេះដឹងមួយចំនួន និងបានកត់ត្រាមេរៀនទាំងនោះទុកនៅក្នុងសៀវភៅសម្រាប់ប្រើប្រាស់នៅពេលចាំបាច់។ អ្នកស្រីបានបញ្ជាក់ពីទឹកចិត្តចង់ជួយដល់សហគមន៍របស់ខ្លួន ព្រោះដោយសារភូមិនេះទើបនឹងបង្កើតថ្មីផង ដូច្នេះប្រជាជនច្បាស់ជាត្រូវការអ្នកតំណាង ត្រូវការអ្នកជួយសង្គ្រោះនៅពេលជួបគ្រោះថ្នាក់ណាមួយជាក់ជាពុំខាន។

អ្នកស្រី កែវ ស្រីមុំ បានរៀបរាប់បន្ថែមថា ស្វាមីរបស់អ្នកស្រីគឺជាយុទ្ធជនម្នាក់ដែលបានពលីជីវិតក្នុងសមរភូមិ ហើយបន្សល់នូវកូនប្រុសស្រីចំនួន៣នាក់។ ថ្វីដ្បិតទ្រនុំឥតបា គ្រួសារជួបភាពលំបាកយ៉ាងណាក្ដី ប៉ុន្តែអ្នកម្ដាយរូបនេះនៅតែមានភាពរឹងមាំតស៊ូចិញ្ចឹមកូន ធ្វើជាបង្អែកក្នុងគ្រួសារ និងថែមទាំងមានទឹកចិត្តចូលរួមជួយប្រជាជនក្នុងភូមិទៀតផងដែរ។

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់បានរៀបចំផែនការចុះមកបណ្ដុះបណ្ដាល និងត្រួតពិនិត្យការងាររបស់អ្នកស្ម័គ្រចិត្តនៅភូមិនេះរៀងរាល់២ខែម្ដង ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាខ្វះខាតនានារបស់ពួកគាត់ តួយ៉ាងប្រសិនបើពួកគាត់ជួបបញ្ហាហើយ មិនទាន់មានជំនាញដោះស្រាយបាន គ្រូបង្គោលរបស់កាកបាទក្រហមនឹងជួយបំពាក់បំប៉នជូនពួកគាត់បន្តទៅទៀត ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ឱ្យក្លាយជាអ្នកសង្គ្រោះបឋមប្រកបដោយគុណភាពនៅក្នុងសហគមន៍។

គួរជម្រាបថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ នៅលើផ្ទៃដីប្រមាណជាង៩០០ហិកតា។ ដីនៅតំបន់នេះគឺជាសម្បទានសង្គមកិច្ចដែលផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជាចំនួន៦២៨គ្រួសារ។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងហ្លួងម៉ែ នរោត្តម មុនិនាថ ជាព្រះប្រធានកិត្តិយស ក៏បានផ្ដល់នូវអំណោយផ្ទះជូនអតីតយុទ្ធជនទាំង៦២៨គ្រួសារនោះផងដែរ ខណៈអាជ្ញាធរនិងថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួនក៏បានចូលរូមផ្ដល់ជូនសមិទ្ធផលផ្លូវ ស្ពាន អគ្គិសនី អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ និងសេវាគាំពារជាច្រើនទៀត៕