(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅម៉ោង៨៖៥០ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។ ការចូលបំភ្លឺនេះ ក្នុងនាមដើមបណ្តឹង ករណីដែលលោកបានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ពីបទបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន នាពេលកន្លងមក បានប្រាប់ Fresh News ឱ្យដឹងថា លោក គី តិច មេធាវីរបស់លោក បានត្រៀមភស្តុតាង និងឯកសារគ្រប់គ្រាន់ហើយ ដើម្បីផ្តល់ជូនដល់តុលាការសម្រាប់ការប្តឹងលោក អ៊ូ វីរៈ។
កាលពីចុងខែមេសា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការ២ដាច់ ដោយឡែកពីគ្នា ដោយកោះហៅ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តឹងរបស់ CPP ហើយកោះហៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឱ្យបំភ្លឺនៅថ្ងៃទី៦ ខែឧសភា នៅក្នុងនាម ជាដើមបណ្តឹង។
ដើមហេតុដែលឈានដល់ការដាក់ពាក្យប្តឹងអ្នកវិភាគរូបនេះ ត្រូវបានមន្រ្តីគណបក្សប្រជាជនបញ្ជាក់ថា ដោយសារតែលោក បាននិយាយ វាយប្រហារបែបចោទប្រកាន់ មកលើគណបក្សប្រជាជនកម្ពុជា ចំពោះករណីស្នេហារវាង លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទីហៅស្រីមុំ ដែលថាគណបក្សប្រជាជន បានព្យាយាមសង្កត់បក្សប្រឆាំងតាមមធ្យោបាយ នេះ។
ទោះជាយ៉ាងនេះក្តី តាមបណ្តាញសារព័ត៌មានមួយចំនួន លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជា ដែលរងនូវពាក្យបណ្តឹងនេះ បានអះអាងថា លោកនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ៕