(កៀនស្វាយ)៖ គ្រឿងចក្រចំនួន២គ្រឿងរួមមានអាអិច និងអាប៊ុលត្រូវបានកំលាំងគណៈបញ្ជាការឯកភាព ស្រុកកៀនស្វាយ រាប់សិបនាក់ ដឹកនាំដោយលោកអ៊ូ ឈាង អភិបាលស្រុកចុះបង្ក្រាប និងចាប់បានចំនួន២គ្រឿង យកទៅរក្សាទុកនៅសាលាស្រុក។
ចំណាត់ការបង្ក្រាបគ្រឿងចក្ររបស់ឧកញ៉ា ឡោក ហួរ ដែលគេស្គាល់ផងដែរថា លោកជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនេះ បានប្រព្រឹត្តឡើងនៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីទទួលបានបញ្ជាពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលរួចមក។
មន្ត្រីស្រុកកៀនស្វាយ បានអោយដឹងថាបន្ទាប់ពីឧកញ៉ា ឡោក ហួរ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង យកទៅធ្វើសកម្មភាពជីកលើកទំនប់ រំលោភយកដីព្រៃលិចទឹក ដីបឹងអតីតឡូតនេសាទ និងដីប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ដោះស្រាយមិនទាន់ចប់ រាប់សិបហិកតា នៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាងហើយអ្នកស្រុកប្ដឹងទៅអភិបាលខេត្តរួចមក លោក ម៉ៅ ភិរុណ បានបញ្ជាលោក អ៊ូ ឈាង ដឹកនាំមន្ត្រីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច រួមមាននគរបាល អាវុធហត្ថ និងយោធាស្រុកកៀនស្វាយមានចំនួនជិត៣០នាក់ ចុះទៅកាន់ទីតាំងប្រព្រឹត្តបទល្មើស នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ដែលជាតំបន់ដីបឹងព្រៃលិចទឹក ក៏ឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាព ហើយចាប់យកមកទុកនៅសាលាស្រុក ដើម្បីអនុវត្តតាមផ្លូវច្បាប់។ តាមសមត្ថកិច្ចបានអោយដឹងថាតាមពិត គ្រឿងចក្រ ដែលធ្វើសកម្មភាពល្មើសមានច្រើនគ្រឿង តែដោយសារផ្លូវពិបាក ទើបចាប់បានតែពីរគ្រឿងបែបនេះ៕