(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា «ទីណាក៏ដោយ ឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឬជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ»។
ការគូសបញ្ជាក់របស់លោក ជា ពិសី ខណៈពេលលោក អមដំណើរដោយលោក-លោកស្រី សមាជិកគណៈកម្មាធិកាអនុសាខាកាកបាទក្រហមខណ្ឌ និងក្រុមការងារអនុសាខាកាកបាទក្រហមសង្កាត់ ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយខ្វះខាត ចំនួន៣០គ្រួសារ មកពីភូមិចំនួន១១ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
នាឱកាសនោះ លោក ជា ពិសី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពោល ទីណាក៏ដោយ ឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ក្រៅពីផ្ដាំផ្ញើឱ្យបង-ប្អូនប្រជាពលរដ្ឋ ប្រកាន់យកនូវការរក្សាអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរ។
បន្ថែមពីនេះ លោក ជា ពិសី បានអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) តាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។
*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ហើយនិង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)។
សូមជម្រាបថា សម្រាប់អំណោយមានជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន និងត្រូវបានគណៈកម្មាធិកាអនុសាខាកាកបាទក្រហម ខណ្ឌទួលគោក និងក្រុមការងារអនុសាខាកាកបាទក្រហមសង្កាត់ផ្សារដេប៉ូទី២ នាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទាំង៣០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកសុីអុីវ១យួរ, ត្រីខ១យួរ, ជែលលាងដៃ១ដប , ថ្នាំពេទ្យ១កញ្ចប់, និងថវិកាចំនួន៣០,០០០រៀល សរុបទាំងអស់ ស្មើនឹងអង្ករ៧៥០គីឡូក្រាម, ត្រីខ៣០យួរ ជែលលាងដៃ៣០ដប, ថ្នាំពេទ្យ៣០កញ្ចប់ និងថវិកា ៩០០,០០០រៀល)៕