(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំឲ្យទូរទស្សន៍ជាតិចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេចអត្ថាធិប្បាយលើការបញ្ជាឲ្យលុបបំបាត់ ឡូតិ៍នេសាទ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារមានបទល្មើសនេសាទច្រើន មានអ្នកមានគំនិតថា សូមសម្ដេចបង្កើតជាឡូតិ៍នេសាទ ដើម្បីឲ្យពួកឯកជនជួយគ្រប់គ្រង ចឹងខ្ញុំបញ្ហាឲ្យទូរទស្សន៍ជាតិចាក់ឡើងវិញ នូវបទអត្ថាធិប្បាយរបស់ខ្ញុំ ប្រហែលជា ៤ទៅ៥ម៉ោង និយាយអំពីការពិតលុបចោលឡូតិ៍នេសាទ ដែលមានអាយុ១០០ឆ្នាំ នៅឆ្នាំ២០១២»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារឃើញមានបទល្មើសនេសាទ ចេញមកពីមនុស្សតិចតួច ដែលយើងបង្ក្រាបគេអត់បាន បែរជាមានគំនិតថា សូមសម្ដេចបង្កើតឡូតិ៍នេសាទ ដើម្បីឲ្យឯកជនគេគ្រប់គ្រង គឺឯកជនគ្រប់គ្រងនឹងហើយ ដែលប្រជាកសិករយើងវេទនា និងរហូតដល់ស្លាប់មនុស្ស។
សម្ដេចតេជោ បានឲ្យដឹងផងដែរថា អ្នកសិក្សាស្រាវជ្រាវមួយចំនួន យល់មិនអស់បញ្ហា ហេតុអីបានជាសម្ដេច ត្រូវលុបចោល ឡូតិ៍នេសាទ ដែលបានបង្កើតរយៈ១០០ឆ្នាំ ក្នុងនឹងព្រះរាជក្រឹត្យ របស់ព្រះបាទស៊ីសុវត្ថិ នៅឆ្នាំ១៩១២ ដល់លុបនៅ ឆ្នាំ២០១២។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនអាចគ្រាន់តែហេតុផល នៃការបង្ក្រាបបទល្មើសនេសាទមិនបាន បែរជាបើកឱកាស ឲ្យមានឡូតិ៍នេសាទឡើងវិញទេ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន សូមឲ្យទូរទស្សន៍ជាតិ ទទួលយកនូវបទបញ្ហា ហើយសហការជាមួយ នឹងទូរទស្សន៍នានា ចាក់ម្ដងគឺចេញទៅទាំងអស់ ហើយត្រូវជ្រើសរើសពេលវេលាដែលល្អ ដើម្បីពន្យល់ឡើងវិញ នូវប្រសាសន៍សម្តេច លើការបញ្ជាឲ្យលុបបំបាត់ឡូតិ៍នេសាទ។
លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានត្រៀមឧទ្ធម្ភាគចក្រមួយចំនួន ដើម្បីប្រតិបត្តិការ បង្ក្រាបពួកល្មើសនេសាទ និងបញ្ជាឲ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់ មានគោលនយោបាយនោះឡើយ ហើយសម្តេច បានឲ្យដឹងទៀតថា អ្នកប្រព្រឹត្តបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប មិនមែនជាអ្នកក្រទេ។
គួររំលឹកថា កាលពីជាង១០ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន ប្រកាសរំលាយចោល ឈប់ឲ្យមានតទៅទៀតនូវការធ្វើ ឡូត៍នេសាទ ជាលក្ខណៈពាណិជ្ជកម្ម នៅក្នុងបឹងទន្លេសាប។ ដោយសារការធ្វើអាជីវកម្មនេះ នាំឲ្យមានការរំលោភបំពាន លើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងរារាំងពួកគេពីការរកផលត្រី សម្រាប់ចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ៕