(ភ្នំពេញ)៖ ការថ្លែងបែបនេះ ត្រូវបានអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា គូសបញ្ជាក់ ឡើងក្នុងពិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នៅសាលាខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីលោកស្រី គង់ ស៊ីផា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត សរុបចំនួន៣៩រូប។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងទៀតថា លោកបានដឹងយ៉ាងច្បាស់ពីអ្នកនៅពីក្រោយខ្នង ដែលកំពុងកេងប្រវ័ញ្ចពលកម្មជនលើពិការ ដែលប្រើរូបភាព ឲ្យជនពិការប្រគុំតន្ត្រីនៅតាមទីសារធារណៈ ដើម្បីរៃអង្គាសថវិកាចូលសមាគម ប៉ុន្តែជាក់ស្តែងអង្គការ ឬសមាគមជនពិការ ទាំងនោះមិនបានយកថវិកា ដែលបានមកពីការរៃអង្គាសតាមទីសារធារណៈ ទៅចូលសមាគម ឬអង្គការទេ ប៉ុន្តែបែរជាយកទៅចែកគ្នាជាលក្ខណៈបុគ្គលទៅវិញ។
លោក ឯម ច័ន្ទមករា បានបន្តថា រឿងនៅពីក្រោយខ្នងដែលយករូបភាពជនពិការ ទៅប្រគុំតន្ត្រីនៅទីសារធារណៈនោះ មានដូចជា៖ ម្ចាស់ភ្លេងជាអ្នកជួលជនពិការ ឲ្យប្រគុំតន្ត្រីតាមស្តុប ជនពិការជើង ឬជនពិការដៃ ជួលជនពិការភ្នែកឲ្យទៅច្រៀង ដោយចាក់ភ្លេងនៅតាមកែងស្តុប និងមានជនពិការមួយចំនួនទៀតតាំងខ្លួនធ្វើ ជាមេក្រុម ដោយយកលេសថា អាជ្ញាធរមកដេញ ប៉ុន្តែក្រោយមកខ្លួនដាក់ក្រុមតន្ត្រីជនពិការរបស់ខ្លួន ទៅលេងជំនួសកន្លែងនោះវិញ រហូតដល់មានទំនាស់ប្តឹងរកអន្តរាគមន៍ មកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការទៀតផង។
អគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា ក្រុមតន្ត្រីជនពិការខ្លះមិនមានការលំបាកក្នុងជីវភាពទេ ប៉ុន្តែហ៊ាន ដល់ថ្នាក់ទៅខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារដើម្បីយកមកទិញឧបករណ៍តន្ត្រី ដើម្បីយកមកប្រកបមុខរបរ ប្រគុំតន្ត្រីតាមទីសារធារណៈ ព្រោះគាត់យល់ឃើញថា ការធ្វើបែបនេះងាយស្រួលរកលុយជាង ព្រោះប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ និងមានការអាណិតសន្តោស ហើយដាក់ប្រាក់ចូលក្នុងហិបមូលនិធិរបស់ពួកគាត់។ តាមការការឲ្យដឹងច្បាស់ពីលោក ឯម ច័ន្ទមករា គឺក្រុមជនពិការមួយចំនួន ដែលតែងតែយករូបភាពប្រគុំតន្ត្រី តាមទីសារធារណៈនានា ក្នុងរាជធានីភ្នំពេញ អាចរកប្រាក់កំរៃក្នុងមួយក្រុមដែលមានគ្នាពីបី ទៅប្រាំនាក់ អាចប្រមូល ថវិកាបានពីចន្លោះពីសាមសិបម៉ឺន ទៅហុកសិបម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកអគ្គលេខាធិការ ឯម ច័ន្ទមករា បានអំពាវនាវដល់ជនពិការមួយ ចំនួនតូចដែលកំពុងប្រើប្រាស់សិទ្ធិ ខុសទិសដៅឲ្យមានការពិចារណាឡើងវិញ ហើយមើលអំពីគំរូនៃការធ្វើការ និងប្រកបមុខរបរចិញ្ចឹមជីវិតរបស់ជនពិការ ដ៏ទៃទៀតប្រមាណ ជាងសាម៣០ម៉ឺននាក់ទៀត ដែលកំពុងរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងជីវភាពសមរម្យ ព្រមទាំងបានចូលរួម ក្នុងកិច្ចការជួយសង្គមជាច្រើនដូចជា ក្រុមជួយខ្លួនឯង ក្រុមជួយការងារសហគមន៍ ការចុះផ្សព្វផ្សាយច្បាប់ និងអនុសញ្ញាសិទ្ធិជនពិការជាដើម។
លោក ឯម ច័ន្ទមករា បានលើកហេតុផលថា បើយើងបន្តលើកទឹកចិត្ត ឲ្យជនពិការនៅតែប្រគុំតន្ត្រី តាមទីសារធារណៈទៀតនោះ ស្មើនឹងយើងមិនបានអនុវត្តច្បាប់កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ទស្សវត្សជនពិការប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឲ្យសិទ្ធិក្លាយជាការពិត ព្រមទាំងលិខិតបទដ្ឋានគតិយុទ្ធនានា ពាក់ព័ន្ធពិការភាពដែល រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញឲ្យអនុវត្តក្នុងទិសដៅ បម្រើឲ្យផលប្រយោជន៏ និងសេចក្តីថ្លៃថ្នូររបស់ជនពិការ ពិតប្រាកដ។
លោក ស៊ា គឹម សែ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអានតាមរយៈសេចក្តីសម្រេចលេខ ០៣៣/១៦សសរ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្ទឹងត្រែង ដែលមានមន្ត្រីរាជការ សរុបចំនួន៣០រូបជាសមាជិក។
លោកស្រី គង់ ស៊ីផា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្ត បានថ្លែងថា សាលាខេត្តស្ទឹងត្រែងមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ លើវិស័យពិការភាព នៅទូទាំងខេត្ត ព្រោះថាការងារពិការភាព គឺជាកិច្ចការងារពហុវិស័យ ដែលទាមទារឲ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការ ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ។
ក្នុងន័យនេះសាលាខេត្តស្ទឹងត្រែង នឹងជំរុញឲ្យមានការយកចិត្តទុកដាក់បន្ថែមដើម្បី ផ្តល់ដល់ ជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា ហើយបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ ព្រមទាំងពង្រឹង និងពង្រីកសេរីភាព សន្តិសុខបុគ្គល និងការគ្រប់គ្រង ស្ថានភាពនៃហានិភ័យ ស្ថានភាពបន្ទាន់ ផ្នែកមនុស្សធម៌ ក្នុងពេលមានគ្រោះមហន្តរាយ ដែលរួមបញ្ចូលជនពិការ៕