(ព្រះសីហនុ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនលើក នៅរាជធានីភ្នំពេញ ពោលគ្រាន់តែឆក់ប្រដាប់អាវុធធ្លាប់ធ្វើចំនួន១២លើកនោះ ស្រាប់តែបែកគំនិតចង់ទៅសាក នៅលើទឹកដីខេត្តព្រះសីហនុម្តង ក៏ត្រូវជាប់ខ្នោះរបស់កម្លាំងនគរបាលខេត្តភ្លាមៗ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញរបស់លោក ចាប់ខ្លួននៅល្ងាចមិ្សលមិញ ស្ថិតនៅចំណុចតោ២ ក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
លោកស្នងការបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញបានឃាត់ខ្លួននោះ រួមមានទី១ឈ្មោះ ឯម បញ្ញារិទ្ធ អាយុ១៩ឆ្នាំ មានទីលំនៅក្រុមទី8 ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស និងទី២-ឈ្មោះ ហង្ស ឧត្តម អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ មុខរបរសិស្ស។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានដកហូតបានវត្ថុតាងរួមមាន អាវុធខ្លីចំនួន៣ដេីម១-ម៉ាក ប៉េអាកុល គ្រាប់ចំនួន១១៨គ្រាប់ (គ្រាប់ឃ្លី ប្រភេទបាញ់ខ្យល់)។ ២-ម៉ាក រ៉ូឡូ គ្រាប់ចំនួន៤៣គ្រាប់ (គ្រាប់វ៉ាន់ឌឺឡុង )។ ៣-អាវុធបាញ់ឆក់ មានឡាសែ មានក្បាលឆក់៣ ឌុយសាក១។ រថយន្ត១គ្រឿង ម៉ាកតូយូតា កូរូឡា ពណ៌ស និងទូរស័ព្ទដៃ ៥គ្រឿង។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា តាមចម្លើយសារភាពគឺក្រុមនេះ ធ្លាប់ឆក់ប្រដាប់អាវុធបានសំរេចចំនួន១២លើក នៅរាជធានីភ្នំពេញ។ «ជនសង្ស័យទាំង២នាក់ខាងលេី ជាមុខសញ្ញាធ្លាប់ធ្វេីសកម្មភាព ឆក់ ប្លន់ ប្រដាប់អាវុធនៅរាជធានីភ្នំពេញ ហេីយមកខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វេីសកម្មភាព ឆក់ ប្លន់ ប្រដាប់អាវុធតែត្រូវបានកម្លាំងជំនាញទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេល»។
ជនសង្ស័យត្រូវបាន កម្លាំងជំនាញកំពុងរៀបចំ ប្រគល់ជូនកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី។ យ៉ាងណាក៏ដោយ បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន្ទ នៅសល់បក្ខពួករត់រួចចំនួន២នាក់ ដែលកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន៕