(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា បានស្នើភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា អត់ធ្មត់ជាអតិបរមាចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីបន្ថូរបន្ថយបរិយាកាសប្រទូសរ៉ាយគ្នា។

នេះជាការឲ្យដឹងរបស់ ប្រមុខការទូតកម្ពុជា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរបំពេញទស្សនកិច្ចការងាររបស់លោក នៅប្រទេសមីយ៉ាន់ម៉ា ៣ថ្ងៃកន្លងមកនេះ។

សំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងគ្រាដែលលោក បំពេញទស្សនកិច្ចលើកដំបូង ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២២ ដោយក្នុងនោះ លោកបានជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋ មីយ៉ាន់ម៉ាផងដែរ។

លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាមួយនឹងការសម្តែងការព្រួយបារម្ភពីសមាជិកនៃសហគមន៍តំបន់ និងអន្តរជាតិ ចំពោះអំពើហិង្សា ដែលបន្តកើតមាន ស្ថានភាពមនុស្សដែលកំពុងធ្លាក់ចុះ នៅប្រទេសមីយ៉ាន់ម៉ា ខ្ញុំបានស្នើសុំឲ្យមានភាពអត់ធ្មត់ជាអតិបរមាចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីបន្ថូរបន្ថយបរិយាកាសប្រទូសរ៉ាយគ្នា លើកទឹកចិត្តឲ្យមានសកម្មភាពបញ្ចប់ហិង្សា និងកសាងបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយ ប្រកបដោយការស្ថាបនា ដើម្បីដោះស្រាយវិបត្តិនេះ»

បើតាមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងទៀតថា ស្ថានភាពនៅមីយ៉ាន់ម៉ា មិនទាន់អនុវត្តបទឈប់បាញ់នៅឡើយទេ ដោយមានការផ្ទុះអាវុធ និងហិង្សាជាបន្តបន្ទាប់។ តួអង្គនយោបាយផ្សេងទៀត មិនទាន់រៀបចំខ្លួន ក្នុងការផ្សះផ្សារទេ ដោយពួកគេនៅតែមានបំណង និងគោលដៅកម្ចាត់គ្នាទៅវិញទៅមក ។

លោក ប្រាក់ សុខុន ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ចំពោះការរៀបចំឱ្យបានជោគជ័យនូវកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ ដែលគ្រោងរៀបចំនៅចុងខែមេសា និងដើមខែឧសភាខាងមុខនេះផងដែរ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់បន្តថា «ក្នុងពេលដែលយើងលើកសំណូមពរធ្វើយ៉ាងណាឱ្យមានការអត់ធ្មត់បំផុត លោក មីន អោងឡាំង បានលើកឡើងអំពីការព្រួយបារម្ភ ទាក់ទងនឹងការបន្តអំពើហិង្សាពីភាគីអង្គការប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពាររបស់ប្រជាជន ក៏ដូចជាការលួចនាំចូលអាវុធ ដែលធ្វើឱ្យមានការអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ»

វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានផ្ទុះឡើងចេញពីជម្លោះលើលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អង់សាន ស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់ទៅ ៨៣ភាគរយ ឬស្មើនឹង ៣៩៦អាសនៈ ក្នុងចំណោមអាសនៈសរុប ដែលមាននៅក្នុងសភា។

ទោះជាយ៉ាងណាលោក មីន អោងឡាំង បានចោទថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំ ហើយថែមទាំងព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបទៀតផង បើមិនរាប់សន្លឹកឆ្នោតឡើងវិញ ខណៈដែលលោកស្រី ស៊ូជី មិនធ្វើតាមនោះឡើយ។ នៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន មីយ៉ាន់ម៉ាត្រូវបានដឹកនាំ តាមរយៈការយន្ដការចែករំលែកអំណាច រវាងរដ្ឋាភិបាលស៉ីវិល ជាមួយការរក្សាទុកនូវកូតា ២៥ភាគរយ នៃកៅអីសភា សម្រាប់យោធាដោយស្វ័យប្រវត្តិ។

ដោយសារតែលោកស្រី ស៊ូជី មិនធ្វើតាមការទាមទាររបស់ក្រុមយោធានោះ លោក មីង ឡោងឡាំង ក៏សម្រេចប្រើកម្លាំងដណ្តើមអំណាចតែម្តង កាលពីខែកុម្ភៈ ឆ្នាំ២០២១ តែម្តង។ ក្រោយបញ្ហា ដែលគេហៅថារដ្ឋប្រហារយោធាកើតឡើងភ្លាម ក្រុមប្រដាប់អាវុធទាំងអស់ ដែលធ្លាប់មាននៅមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធផ្សេងទៀត ចាប់ផ្តើមកើតមាន និងមានសកម្មភាពកម្ចាត់គ្នាទៅវិញទៅមក ខណៈដែលក្រុមប្រដាប់អាវុធចាស់ៗ បានធ្វើសកម្មភាពវាយប្រហារគ្នាតាំងពីមីយ៉ាន់ម៉ា បានឯករាជ្យពីអង់គ្លេសមកម្ល៉េះ ពោលគឺប្រមាណជាង ៧០ឆ្នាំមកហើយ។

បើតាមលោក ប្រាក់ សុខុន នៅមីយ៉ាន់ម៉ា មានក្រុមជនជាតិភាគតិចជាង ១២០ក្រុម និងក្រុមប្រដាប់អាវុធប្រមាណ ២០ក្រុម ខណៈប្រមាណ ១០ក្រុម សុទ្ធតែមានកម្លាំងខ្លាំងក្រៃលែង។ លោកបានជំរុញ ដល់លោក មីង អោងឡាំង ឲ្យបន្តការអត់ធ្មត់ដើម្បីបរិយាកាសអំណោយផល ដោយបានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា គេមិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមនោះទេ។

ស្របពេលជាមួយគ្នានេះ លោកបានរំលឹកពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលជាការត្រួសត្រាយផ្លូវ រកដំណោះស្រាយសមស្រប ដើម្បីឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពវិញ។ ដំណើរទស្សនកិច្ចនោះ គឺរបបយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារបទឈប់បាញ់ និងអនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌ជាដើម ដែលជាចំណុចទាំងនេះ មានចែងក្នុងកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា។

សូមជម្រាបថា កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕