(ព្រះសីហនុ)៖ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងពិធីប្រកាសប្រគល់ភារកិច្ចនិងប្រគល់ត្រាជូនសាខាមូលនិធិជនពិការខេត្តព្រះសីហនុ រៀបចំឡើងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក ស៊ឹម សុធន បានផ្តល់ជាមតិផ្តាំផ្ញើជូនលោក កង សារឹម ប្រធានសាខាមូលនិធិជនពិការខេត្តព្រះសីហនុ ត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ និងយកចិត្តទុកដាក់លើការបម្រើសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា និងកម្មវិធីនានាដែលជួយដល់ជនពិការឲ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប លោក កង សារឹម បានប្តេជ្ញាចិត្តនឹងខិតខំអនុវត្តភារកិច្ចនានាដែលមូលនិធិជនពិការប្រគល់ជូន និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូក្នុងការលើកកម្ពស់សុខុមាលភាពរបស់ជនពិការនៅក្នុងខេត្តព្រះសីហនុ។

បន្ថែមពីលើនោះ លោក កង សារឹម បានសន្យាថា នឹងខិតខំរួមចំណែកដឹកនាំ ការងាររបស់មូលនិធិជនពិការ ឲ្យមានការអភិវឌ្ឍ រីកចម្រើន និងបង្កើនការយកចិត្តទុកដាក់ដូចតទៅ៖

១៖ ពង្រឹង និងពង្រីកចំណងទាក់ទងកិច្ចសហការល្អ គ្រប់ស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការដៃគូ អភិវឌ្ឍរបស់មូលនិធិជនពិការ និងអង្គការដៃគូអភិវឌ្ឍផ្សេងៗទៀត ដើម្បីជួយគាំទ្រដល់ជនពិការក្នុងខេត្តព្រះសីហនុ។

២៖ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់គ្រួសារជនពិការក្រីក្រ ឲ្យកាន់តែប្រសើរឡើងតាមរយៈការបង្កើតមុខរបរជូនមុខសញ្ញា។

៣៖ អនុវត្តកាងារតាមការណែនាំរបស់មូលនិធិជនពិការឲ្យសម្រេចបានលទ្ធផលល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់៕