(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា «ក្នុងនាមយុវជនគណបក្ស ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសច្ចៈធម៌ប្រវត្តិសាស្រ្ត»

ការបញ្ជាក់បែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសជួបសំនេះសំណាលជាមួយយុវជនគណបក្សស្រុកចំនួន១៣៤នាក់ នៅព្រឹកថ្ងៃពុធ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកគណៈអចិន្រ្តយ៍ លោក លោកស្រី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧។

នាឱកាសនោះលោក អ៊ាង សុផល្លែត ក៏បានបង្ហាញពីតួនាទីភារកិច្ចដ៏សំខាន់របស់យុវជនគណបក្ស ក្នុងនាមជាសរសរទ្រូងប្រទេសជាតិ ជាកោសិកាសង្គម ត្រូវខិតខំអភិវឌ្ឍន៍ខ្លួន តាមរយៈការខិតខំរៀនសូត្រ បំពេញបន្ថែមចំណេះដឹងផ្នែកភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឆ្លើយតបបាននូវទីផ្សារការងារក្លាយខ្លួនជាធនធានប្រកបដោយឧត្តមភាព ចូលរួមអភិវឌ្ឍន៍ សង្គម និងសេដ្ឋកិច្ចកម្ពុជា។

ប្រធានក្រុមការងារ បានអំពាវនាវ និងផ្តាំផ្ញើរឱ្យយុវជនស្រុកអូររាំងឪទាំងអស់ បន្តនូវវប្បធម៌សាមគ្គីភាព ជាកត្តាសំខាន់នាំទៅការសម្រេចជោគជ័យ និងវឌ្ឍនភាព ព្រោះ «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»

ទន្ទឹមនឹងនេះលោក អ៊ាង សុផល្លែត បានរំលឹកអំពីរឿងនិទាន «គុយទាវ ២ចានមានគុណលើសម្តាយបង្កើត» ជូនយុវជនស្តាប់ និង សូមពិចារណា ឱ្យច្បាស់ពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ជាឪពុកម្តាយទី២ របស់យើង ដែលនាំយើងរួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត សម្លាប់ជាតិសាសន៍ឯង និងបាននាំនាវាកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងវឌ្ឍនភាពគ្រប់វិស័យ ជាមួយគ្នានេះក្នុងនាមជាយុវជន ត្រូវមានកាយវិការ និងពាក្យសំដីប្រកបដោយគុណធម៌ និងសីលធម៌ គោរពចាស់ទុំ និវត្តន៍ជន និងរៀមច្បងដែលជាកញ្ចក់ឆ្លុះពីសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា និងជាអ្នកត្រួសត្រាយផ្លូវជូនយុវជនយើងជំនាន់ក្រោយ៕