ស្នងការខេត្តព្រះសីហនុ៖ ថ្ងៃនេះខ្យល់កន្រ្តាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ២៣ខ្នង នៅស្រុកព្រៃនប់
05-05-2016 20:20
(ព្រះសីហនុ)៖ មិនខុសពីតាមបណ្តាខេត្តផ្សេងទៀតនោះទេ សម្រាប់ខេត្តជាប់មាត់សមុទ្រ ព្រះសីហនុវិញ ក៏មានភ្លៀងលាយខ្យល់កន្រ្តាក់យ៉ាងខ្លាំង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ ដែលជាលទ្ធផលបានបំផ្លាញ និងប៉ះពាល់ផ្ទះរបស់អ្នកស្រុកព្រៃនប់ ចំនួន២៣ខ្នង តែមិនមានសេចក្តីរាយការណ៍ ពីការប៉ះពាល់ដល់អាយុជីវិតនោះទេ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា «រសៀលថ្ងៃនេះ នៅស្រុកព្រៃនប់ មានភ្លៀងធ្លាក់លាឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង នៅឃុំចំនួន២ រួមមាន៖ ឃុំអណ្តូងថ្ម ខូចខាត១៦ខ្នង (រលំទាំងស្រុង៣ខ្នង និងរបើកដំបូល១៣ខ្នង) និងឃុំវាលរេញ ខូចខាត៧ខ្នង (រលំទាំងស្រុង១ខ្នង, របើកដំបូល៦ខ្នង) ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ»។
បើតាមលោកស្នងការ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបាន និងកំពុងចុះជួយអន្តរាគមន៍ជាបន្ទាន់ ហើយត្រៀមជួសជុលផ្ទះជូនពួកគាត់ឡើងវិញ៕