(កំពង់ឆ្នាំង)៖ អភិបាលស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរ ឃុំឆ្នូកទ្រូ ចុះធ្វើការរុះរើដំបូល និងជញ្ជាំងបែរត្រីដែលត្រូវបានគេលួចប្រក់ដំបូល និងធ្វើជញ្ជាំង ដើម្បីបន្លំរស់នៅលើផ្ទៃទឹកទន្លេជាថ្មី ប្រឆាំងនឹងអនុសាសន៍របស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការណែនាំឲ្យម្ចាស់បែរត្រី រុះលើដំបូលចេញខាងលើនេះ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ស្ដីពីមានអ្នកលួចចូលទៅប្រក់ដំបូល និងជញ្ជាំងរស់នៅលើផ្ទៃទឹកឡើងវិញ។

លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានកម្លាំងសរុបប្រមាណជាង ២០នាក់ រួមទាំងអាជ្ញាធរភូមិឆ្នុកទ្រូ និង ឃុំឆ្នុកទ្រូ បានចុះណែនាំឲ្យម្ចាស់បែត្រីទាំងអស់រុះរើដំបូលចេញដោយខ្លួនឯង និងកន្លែងខ្លះ ក៏មានកងកម្លាំងសមត្ថកិច្ច ចម្រុះជួយរុះរើផងដែរ។ ចំពោះការអនុវត្តនៅព្រឹកនេះ ក្រុមចម្រុះបានរុះរើដំបូលបែត្រីធំៗ ចំនួន៤កន្លែង បូកនិងថ្ងៃម្សិលមិញផង សរុបចំនួន ២៩បែរ ដែលមួយកន្លែងៗ មានទំហំជាង៨០ម៉ែត្រការ៉េឡើងទៅ។

ជាងនេះទៀត លោកអភិបាលស្រុកបរិបូរណ៌ បានបន្តថា ម្ចាស់បែត្រីដែលបន្លំប្រក់ដំបូល បាំងជញ្ជាំង និងលួចរស់នៅបែបនេះ គឺបានប្រឆាំងនឹងអនុសាសន៍របស់អាជ្ញាធរខេត្ត ដែលតម្រូវឱ្យអ្នករស់នៅលើផ្ទៃទឹកទាំងអស់ ឡើងទៅរស់នៅលើគោកវិញឲ្យខានតែបាន។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំហាមដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ។ បើពុំនោះទេ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ ចំពោះផែនការរុះរើដំបូល និងជញ្ជាំងបែត្រីខាងលើនេះ គឺកំពុងតែបន្តធ្វើរហូតដល់ អស់ពីលើផ្ទៃទឹកក្នុងឃុំឆ្នុកទ្រូនេះ។

គួររំលឹកដែរថា កន្លងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះរួមមាន៖ ស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជាពិសេសក្រុងកំពង់ឆ្នាំង ឲ្យឡើងមករស់នៅលើគោកវិញ តាមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ដែរថា ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀតឱកាសលួចចូលទៅរស់នៅលើទឹកដោយបន្លំធ្វើជាបែរត្រីនៅពី ក្រោមប្រក់ដំបូលពីលើ និងបាំងជញ្ជាំងរស់នៅ។ ការធ្វើបែបនេះអាជ្ញាធរខេត្ត និងមិនអនុញ្ញាត្តិអោយធ្វើបែបនេះ ជាបន្តទៀតឡើយ៕