(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញ​អធិបតីភាពបើកកិច្ច​ប្រជុំ​បូកសរុប​របាយការណ៍ ​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន នៅវិមានសន្តិភាព លុះដល់ម៉ោង ១០៖៣០នាទីព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី​ភាពបិទ​កិច្ចប្រជុំ​បូកសរុប​របាយការណ៍ ​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន រាជធានី-ខេត្ត នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន បានចាប់ផ្តើមអនុវត្ត​ការងារ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៤​ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាលនៅ​គ្រប់ ២៥ រាជធានី-ខេត្ត។​

​ការបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននេះ ជា​កំណែទម្រង់​ទូលំទូលាយ និង​ស៊ីជម្រៅមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ ដើម្បី​ធ្វើ​ឲ្យ​រាស្ត្រ និង​រដ្ឋ នៅជាប់​គ្នា តាម​គោលដៅ៣ សំខាន់៖
​ទី​១៖ ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​មូលដ្ឋាន
ទី​២៖ ​រៀបចំ​វេទិកាសាធារណៈ ស្តាប់ និង​ដោះស្រាយ​នៅ​ទីកន្លែង និង ​
ទី​៣៖ ​ដើម្បី​ឆ្លើយតប​គណនេយ្យភាព​សេវា​របស់​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ផ្តល់​សេវាដល់​មហាជន​។​

​ក្រុមការងារ​ថ្នាក់ជាតិ មាន​សមាស​ភាពជា​ង ៣០រូប ក្នុង​មួយក្រុមៗ​។ ក្រុម​នីមួយៗ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន ទេស​រដ្ឋ​ន្ត្រី ជា​អនុប្រធាន រដ្ឋមន្ត្រី ជា​អនុប្រធាន ហើយ​ក្រុម​ខ្លះទៀត មាន​ទេសរដ្ឋមន្ត្រីជា​ប្រធាន ឬក៏​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ជា​ប្រធាន រហូតដល់​ក្រុមការងារ​នៅ​ខេត្ត​មួយចំនួនមាន​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា ជា​ប្រធាន​ក្រុមការងារ​ផងដែរ៕​