(ភ្នំពេញ)៖ ជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយតំណាងស្ថានទូត និង តំណាងការិយាល័យអង្គការសហប្រជាជាតិសរុប ២៩រូប នៅរសៀលថ្ងៃទី០៥ ខែឧសភា នេះ មិនមានលើកឡើងពីបញ្ហានយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន និង ការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្សឡើយ គឺពិភាក្សាផ្តោតសំខាន់តែការពង្រីកទំនាក់ទំនង និង សហប្រតិបត្តិការវាងកម្ពុជា ជាមួយប្រទេសជាមិត្តតែប៉ុណ្ណោះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណ ដល់ស្ថានបេសកកម្មការទូតទាំងអស់ ដែលបានរួមចំណែក ដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ណ្តាប្រទេសជាមិត្តតាមរយៈស្ថានបេសកកម្មប្រចាំនៅកម្ពុជា ក្នុងការលើកស្ទូយកិច្ចសហប្រតិបត្តិការលើផ្នែកទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការកសាងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង ការរួមចំណែកការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាល់កិច្ចសហប្រតិបត្តិការទាំងអ ស់បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ជុំ សុន្ទរី។
លោក ជុំ សុន្ទរី បន្តឲ្យដឹងទៀតថា លោក ប្រាក់ សុខុន បានតំណាងបេសកកម្មការទូតបរទេសទាំងអស់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ពិសេសឯករាជ្យភាព អព្យាក្រឹត្យអចិន្ត្រៃយ៍ និង មិនចូលបក្សសម្ព័ន្ធ និងយកចិត្តទុកដាក់នៅក្នុងការពង្រឹងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជិតខាង។
បើតាមលោក ជុំ សុន្ទរី ក្រោយពីលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងនូវចំណាប់អារម្មណ៍ និងមតិសំណេះសំណាលស្វាគមន៍ហើយនោះ តំណាងស្ថានទូត និងតំណាងការិយាល័យអង្គការសហប្រជាជាតិទាំង ២៩រូប ត្រូវបានអនុញ្ញាតឲ្យឡើងសម្តែងមតិម្តងម្នាក់ៗផងដែរ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្នុងពេលសម្តែងមតិនោះ តំណាងបេសកកម្មការទូត និងតំណាងការិយាល័យអង្គការសហប្រជាជាតិ មិនបានលើកឡើងពីបញ្ហានយោបាយនៅកម្ពុជា ក៏ដូចជាការចាប់ខ្លួនមន្រ្តីការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង ៥នាក់នោះឡើយ៕