(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រកាសដាក់បំពាក់ប្រអប់សំបុត្រ ចំនួន២កន្លែងផ្សេងគ្នា ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់មតិយោបល់រិះគន់ ជុំវិញការផ្តល់សេវាសាធារណៈរបស់ខ្លួន និងការផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះ ជាគោលដៅជំរុញនិងកែលម្អការងារក្នុងវិស័យព័ត៌មាន កាន់តែប្រសើរថែមទៀត។
ទីតាំងដែលត្រូវបានដាក់បំពាក់ប្រអប់សំបុត្រនោះមាន ទីតាំងទី១ នៅខាងមុខទីស្ដីការក្រសួងព័ត៌មាន ជាប់នឹងបញ្ជររូបថតរបស់ទីភា្នក់ងារសារព័ត៌មានកម្ពុជា(AKP) និងទីតាំងទី២ នៅខាងមុខច្រកចូលអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ។
តាមសេចក្តីប្រកាសរបស់ក្រសួងនេះ បានបញ្ជាក់ថា គោលបំណងនៃការដាក់ប្រអប់សំបុត្រនេះ គឺដើម្បីជំរុញ និងកែលម្អការងារទាក់ទងនឹងការផ្ដល់សេវាសាធារណក្រសួងព័ត៌មាន ព្រមទាំងទទួលយកការផ្ដល់មតិយោបល់របស់សាធារណជន ចំពោះការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ រួមមាន៖ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី ព្រឹត្តបត្រ ជាដើម ឱ្យដំណើរការកាន់តែល្អមួយកម្រិតទៀត និងស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលផងដែរ។
ចំពោះការបើកប្រអប់សំបុត្រ គឺបើកដោយក្រុមជនបង្គោលរបស់ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីរាយការណ៍ជូនមន្រ្តី និងគណៈកម្មការការងារសោតទស្សន៍៕