(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ប្រមាណ១០០នាក់ ក្រោមការដឹកនាំផ្ទាល់ដោយ លោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការ ចុះជួយអន្ដរាគមន៍ រៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ដ្រាក់ជាង៥០ខ្នង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅស្រុកអូរជ្រៅ និងស្រុកថ្មពួក។
ប្រតិបត្តិការនេះ មានការសហការពីកម្លាំងនគរបាលខេត្ត នគរបាលស្រុក និងកម្លាំងនគរបាលវរៈការពារព្រំដែនទាំង៤ បានចុះរៀបចំផ្ទះប្រជាពលរដ្ឋឡើងវិញ ព្រមទាំងកាប់ដើមឈើ ដែលបានបាក់រលំក្នុងនោះស្រុកអូរជ្រៅមានផ្ទះ៤៤ខ្នង ស្រុកថ្មពួក១១ខ្នង និងដំបូលសាលាឆាន់ ដែលបានដួលរលំ ដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក បាននិងកំពុងរៀបចំជួសជុល និងសាងសង់ឡើងវិញ ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដើម្បីស្នាក់នៅ និងគង់នៅ។
លោកបានបន្ដថា នេះជាយុទ្ធនាការធ្វើឡើងភ្លាមៗ បន្ទាប់ពីបានទទួលអនុសាសន៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ៕