(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានបង្កើតព្រឹត្តិការណ៍ «ការប្រកួតកីឡាប្រដាល់អន្តរជាតិស្រាបៀរកម្ពុជា» រដូវកាលទី១ លើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដណ្ដើមប្រាក់រង្វាន់៥០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង៣០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២។
ព្រឹត្តិការណ៍ប្រដាល់ដ៏ពិសេសនេះ គឺមានតែកីឡាករ៨រូបប៉ុណ្ណោះ ចូលរួមប្រកួត គឺអ្នកប្រដាល់ខ្មែរ៤រូប អ្នកប្រដាល់ថៃ២រូប និងអ្នកប្រដាល់អង់គ្លេស២រូប ដោយត្រូវប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
អ្នកប្រដាល់ខ្មែរទាំង៤រូប រួមមាន មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស, មាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ, ផង់ សុភាព មកពីក្លិបតាឡីដំរីមានរិទ្ធ, និង ជា សំនៀង មកពីក្លិបទ័ពឆ័ត្រយោង៩១១។
ចំណែកអ្នកប្រដាល់ថៃទាំង២រូប គឺ Phlay Noy និង Pha Yaknoy សុទ្ធតែជាជើងខ្លាំង ធ្លាប់ប្រកួតនៅកម្ពុជាកន្លងមកហើយ។ ដោយឡែកអ្នកប្រដាល់អង់គ្លេសទាំង២រូបវិញ គឺ Kieron Jessopo និង Ray Orn ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ តែបានហ្វឹកហាត់នៅក្នុងក្លិបប្រដាល់មួយរបស់ប្រទេសថៃ។
នេះគឺជាព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់មួយ ដែលមានការឧបត្ថមខ្ពស់ដល់កីឡាករ។ ការប្រកួតនៅជុំទី១ និងជុំទី២ ទោះបីចាញ់ ឬឈ្នះ អ្នកប្រដាល់ខ្មែរម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភ៤០០ដុល្លារ។
សម្រាប់កីឡាករណា ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់៥០០០ដុល្លារ ជាមួយនឹងខ្សែក្រវាត់មួយ និងចំណាត់ថ្នាក់លេខ២ ទទួលបាន៣០០០ដុល្លារ៕