(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យមន្រ្តីរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យនានា ក្នុងដែនរដ្ឋបាលរបស់ខ្លួន ដើម្បីធានាការគ្រប់គ្រង ការចាត់ចែងការតាមដាន និងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
យោងតាមសេចក្ដីសម្រេចខាងលើបានឱ្យដឹងថា រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ត្រូវរៀបចំផ្ដល់សេវារដ្ឋបាលពាក់ព័ន្ធនឹងមុខងារ ដែលបានធ្វើប្រតិភូកម្ម ដោយក្រសួងទេសចរណ៍ តាមរយៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត និងត្រូវរៀបចំចាត់តាំងមន្រ្តីទទួលខុសត្រូវច្បាស់លាស់ នៅក្នុងទីចាត់ការអន្តរវិស័យ ដើម្បីធានាដល់ការគ្រប់គ្រង ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តមុខងារនេះ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងទេសចរណ៍ បានចេញសេចក្ដីប្រកាស ស្ដីពីការធ្វើប្រតិភូកម្មមុខងារក្នុងការគ្រប់គ្រង មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ដែលចំណុះក្រោមក្រសួងមហាផ្ទៃគ្រប់គ្រងវិញ៕