(ភ្នំពេញ)៖ ម្សិលម៉្ងៃ Fresh News បានចេញផ្សាយម្ដងរួចមកហើយ យោងតាមការលួចខ្សឹបពីមន្ត្រីរាជការនៅរដ្ឋលេខាធិការអាកាសចរសុីវិល មិនសប្បាយចិត្តហើយត្រៀមកង់ឡានដុតតវ៉ានៅថ្ងៃទី០៦ ខែឧសភា នៅពេលដែលអគ្គនាយករដ្ឋបាល និងកិច្ចការទូទៅហៅទៅបើកប្រាក់ឧបត្ថម្ភ ដែលគេដឹងថាប្រាក់នោះបានមកពីការដោះដូរអាគារទីស្នាក់ការរដ្ឋលេខាធិការដ្ឋាន តែបានចំនួនតិចតួចពេក មានបង្កប់នូវភាពអយុត្តិធម៌ច្រើនដល់បុគ្គលិករួចមក។
ថ្ងៃនេះ តាមការលួចខ្សឹបបានអោយដឹងបន្តថា គម្រោងហៅបុគ្គលិកទៅចែកលុយនៅថ្ងៃស្អែកទំនងជាត្រូវលើកពេលហើយ ក្រោយធ្លាយរឿងបុគ្គលិកមន្ត្រីរាជការមិនពេញចិត្តចំពោះការចែកប្រាក់ឧបត្ថម្ភនេះរហូតប្រកាសត្រៀមកង់ឡានដុតតវ៉ាបន្ទាប់ពីពួកគេដឹងថា មានចំនួនតិចតួច និងមានភាពអយុត្តិធម៌រួចមក។ ក្នុងនោះនៅរសៀលថ្ងៃទី៥ ខែឧសភា តាមព័ត៌មាន លោករដ្ឋលេខាធិការបានកោះហៅមន្ត្រីធំៗមានឋានៈចាប់ពីអគ្គនាយករងទៅប្រជុំជាបន្ទាន់ ដែលទំនងពាក់ព័ន្ធព័ត៌មានលិចឮថា បុគ្គលិកប្រុងតវ៉ាខាងលើនេះទៀតផង តែលទ្ធផលយ៉ាងណានោះគេនៅមិនទាន់ដឹងឡើយ។
តាមបុគ្គលិកមួយចំនួនដែលលួចខ្សឹបប្រាប់នាយខ្វែក បានឲ្យដឹងថា រឿងដែលអយុត្តិធម៌សម្រាប់បុគ្គលិកមានពីរករណី ដោយទី១៖ ការដោះដូរបានលុយច្រើន តែចែកអោយបុគ្គលិកតិចតួច និងទី២៖ បុគ្គលិកខ្លះមិនដែលទៅធ្វើការសោះ ដែកចាំតែបើកប្រាក់ខែ ព្រោះតែពួកគេភាគច្រើនជាសាច់ញាតិ ប្រពន្ធកូនអ្នកធំនៅក្នុងអង្គភាព និងអ្នកខ្លះទៀតព្យួរការងារចេញទៅធ្វើការនៅក្រុមហ៊ុនឯកជនបានប្រាក់ខែបន្ថែមរាប់រយរាប់ពាន់ដុល្លារទៅហើយក៏មានឈ្មោះមកទទួលលុយឧបត្ថម្ភដូចបុគ្គលិក ដែលស៊ីប្រាក់ខែរដ្ឋសុទ្ធនឹងមកធ្វើការរាល់ថ្ងៃដែរ។
ល្ងាចមិញនេះបុគ្គលិកកំពុងនាំគ្នាជ្រួលច្របល់រង់ចាំអ៊ុតមើលលទ្ធផល តើគម្រោងបើកប្រាក់ឧបត្ថម្ភនៅថ្ងៃស្អែកនេះដំណើរការដូចតាមការគ្រោងទុក ឬមួយក៏លើកពេលដើម្បីរកដំណោះស្រាយថ្មី.!
សូមបញ្ជាក់ថា តាមដឹងការដោះដូរអាគារទីស្ដីការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមានទីតាំងនៅកាច់ជ្រុងតាមបណ្ដោយផ្លូវព្រះនរោត្តមជាប់ខាងក្រោយវត្តសារាវន្តនេះគឺបានលុយជាង៦លានដុល្លារដោយក្រុមហ៊ុនចេញលុយសាងសង់អាគារទីស្ដីការរដ្ឋលេខាធិការដ្ឋានថ្មីអោយនៅលើដីរដ្ឋក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសល់លុយចែកបុគ្គលិកបានម្នាក់តិចតួចគ្រាន់ឆ្អាបមាត់នឹងគេ ខណៈដែលបុគ្គលិកចោទថាមន្ត្រីធំៗបានសុីឡើងហល់នោះ៕