(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមភូមិនិមួយៗក្នុងសង្កាត់ទាំង៧ នៃខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ពិសេស សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ដើម្បីបានប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ។

សកម្មភាពនេះបានកើតឡើងក្រោយពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានប្រកាសដាក់ចេញផែនការចុះជំរុញធ្វើ និងប្ដូរដល់ប្រជាពលរដ្ឋ។ សម្រាប់ការផ្ដល់សៀវភៅ និងនីតិវិធីនេះដឹកនាំពីលោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ដោយមានការឯកភាព និងការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកាន់តែងាយស្រួលក្នុងការគ្រប់គ្រង ដែលជាឯកសារបញ្ជាក់ អត្តសញ្ញាណដ៏សំខាន់ សម្រាប់យកធ្វើជាសក្ខីកម្ម និងលិខិតស្នាមចាំបាច់ដទៃទៀត។

ការចុះជំរុញធ្វើប្ដូរ និងផ្ដល់សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ដល់ប្រជាពលរដ្ឋ ដែលបានកាត់ខ្វៀលពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយទៀត ជាពិសេសសង្កាត់ទួលសង្កែទី១ នឹងសង្កាត់ទួលសង្កែទី២ ក្នុងចំណោមសង្កាត់ទាំង៧ ដែលទើបបំបែកថ្មី។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ពេលមានប្រជាពលរដ្ឋទៅធ្វើនោះ គឺគេសង្កេតឃើញមានវត្តមានសម្របសម្រួល និងចុះហត្ថលេខានៅនឹងកន្លែងផ្ទាល់ ដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ ព្រមទាំងមានការចូលរួមពីលោកវរសេនីយ៍ទោ ថន ថេន អធិការរង , លោកវរសេនីយ៍ត្រី មៀច ណូន នាយផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផ្នែកអត្តសញ្ញាណកម្ម ចៅសង្កាត់ទាំង៧ និងនាយនគរបាលប៉ុស្ដិ៍ទាំង៧។ សម្រាប់ការងារនេះធ្វើឡើងមានរយៈពេល១៤ថ្ងៃហើយ តាំងពីប្រកាសថ្ងៃទី៧ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ទាំងលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានកាត់ខ្វៀលពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយទៀត ជាពិសេសសង្កាត់ទួលសង្កែទី១ នឹងសង្កាត់ទួលសង្កែទី២ ក្រៅពីសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ និងទី២ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ដែលទើបបំបែកថ្មី ក្នុងមូលដ្ឋានខណ្ឌទាំងអស់ សូមអញ្ជើញទៅធ្វើសៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ពីក្រុមការងារជុំនាញរង់ចាំធ្វើប្ដូរ និងផ្ដល់ជូនផ្ទាល់៕