(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជួរមុខ ដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនខ្លាចនឿយហត់ទាំងថ្ងៃទាំងយប់ ដើម្បីបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង។

ការកោតសសើរបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងឱកាសលោកស្រី ជួបសំណេះសំណាលជាមួយអ្នកគ្រូ អ្នកគ្រូពេទ្យ និងគរុសិស្សជានារីនៅសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ដោយមានអញ្ជើញចូលរួមពីលោកស្រី លឹម ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ, លោកស្រី លំ គន្ធារី អភិបាលរងខេត្ត, ប្រធានមន្ទីរព័ត៌មានខេត្ត អ្នកគ្រូ អ្នកគ្រូពេទ្យ និងគរុសិស្សជានារី ប្រមាណ១៥០នាក់។

នាឱកាសនោះលោកស្រី បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកគ្រូ អ្នកគ្រូពេទ្យ និងគរុនិស្សិតជានារី ដែលជាធនធានដ៏មានសារៈសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន។ ម្យ៉ាងវិញទៀតគ្រូពេទ្យដែលជាទ័ពអាវសជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ដោយបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការបម្រើជូនដល់ប្រជាពលរដ្ឋដោយមិនមានការរើសអើង»

លោកស្រីបានកោតសរសើរដល់អ្នកគ្រូទាំងអស់ ដែលបានខិតខំពុះពារជំនះគ្រប់ឧបសគ្គទោះបីកន្លងមកមានការបិទខ្ទប់មិនឱ្យមានការជួបជុំនឹងបង្រៀនតាមគ្រឹះស្ថានសាលារដ្ឋ និងឯកជន ហើយក៏បានតម្រូវឱ្យលោកគ្រូ អ្នកគ្រូត្រូវបង្រៀនតាមអនឡាញ តែដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដោះស្រាយ និងផ្គត់ផ្គង់នៅវ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ជាន់ ថ្នាក់ធ្វើឱ្យអត្រានៃការឆ្លងជំងឺកូវីដ១៩ មានការថយចុះគួរឱ្យកត់សម្គាល់ទាំងនេះ ហើយគ្រឹះស្ថានទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលតម្រូវឱ្យមានការដំណើរការឡើងវិញ ជាធម្មតា ក៏ប៉ុន្តែយើងក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមពីនេះលោកស្រី ឃួន ឃុនឌី បានសង្កត់ធ្ងន់ថា៖ «នៅថ្ងៃនេះមានការចូលរួមពីគោរពនិស្សិត ដែលជាទំពាំងស្នងឫស្សី ដែលជាមាតាសម្រាប់អនាគតប្រទេសជាតិ ក្នុងការបណ្ដុះបណ្ដាលដល់កូន ក្មួយ កុមារាកុមារី សម្រាប់អនាគតប្រទេសជាតិនាពេលខាងមុខ»

លោកស្រីក៏បានក្រើនរំឮកដល់សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព និងរួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថេភាព នយោបាយ ហើយអ្វីដែលមានមកដល់សព្វថ្ងៃនេះ គឺដោយសារគុណតម្លៃនៃសុខសន្តិភាព ប្រសិនបើគ្មានសុខសន្តិភាពទេនោះ ប្រទេសជាតិព្រមទាំងប្រជាជាតិទាំងមូល ក៏មិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ ដូចពាក្យសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ទោះបីជាក្នុងតម្លៃណាក៏ដោយត្រូវតែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាត»

ទន្ទឹមនឹងដែរលោកស្រី ឃួន ឃុនឌី បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពបានល្អ និងអប់រំកូនចៅឱ្យបានល្អហើយត្រូវជំរុញឱ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ហើយម្យ៉ាងវិញទៀតត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាឧបសគ្គរារាំងដល់ការអភិវឌ្ឍប្រទេសជាតិទាំងមូល។ នៅក្នុងពិធីសំណេះសំណាលនេះ លោកស្រី ឃួន ឃុនឌី បានប្រគល់ជូននៅថវិកាមួយចំនួន ដែលជាអំណោយរបស់សមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍដែលក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕