ប៉ូលិសអូស្ត្រាលី ឃាត់ខ្លួនស្ត្រីម្នាក់នៅ ព្រលានយន្តហោះស៊ីដនី ក្រោយឆែកឃើញលុយ ៣,៤៤លានដុល្លារអាមេរិក
05-05-2016 16:17
(ស៊ីដនី)៖ ស្ត្រីម្នាក់រស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីត្រូវបានប៉ូលិសចាប់ខ្លួន នៅព្រលាន យន្តហោះ និងបានបញ្ជូនទៅកាន់តុលាការ ក្រោយពីប៉ូលិស បានឆែកឃើងក្នុងកាបូបរបស់នាង មានផ្ទុកលុយ ៤,៦លានដុល្លារអូស្ត្រាលី ស្មើនឹង ៣,៤៤លានដុល្លារអាមេរិក ហើយដែលលុយទាំងនេះបានមកពី កំហុសបច្ចេកទេសរបស់ធនាគារ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៦។
ស្ត្រីដែលត្រូវបានប៉ូលិសចាប់ខ្លួន កាលពីយប់ថ្ងៃពុធខាងលើនេះ មានឈ្មោះថា Christine Jiaxin Lee អាយុ ២១ឆ្នាំ។ តុលាការបានចោទ ប្រកាន់លើរូបនាង ថាបានព្យាយាមរត់ពន្ធលុយ ដែលទទួលបានដោយសារកំហុសបច្ចេកទេសធនាគារ តាមជើងហោះហើរទៅកាន់ ប្រទេសម៉ាឡេស៊ី ជាមួយនឹងលិខិតឆ្លងដែនបន្ទាន់ ចេញដោយស្ថានទូតម៉ាឡេស៊ី។ នាង Lee នឹងត្រូវបញ្ជូន ទៅកាត់ទោសនៅតុលាការ នៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ។
សមត្ថកិច្ចអូស្ត្រាលី បានឲ្យដឹងថាធនាគារដែលនាង Lee តម្កល់ប្រាក់នោះបានជួបបញ្ហា បច្ចេកទេស ទើបបណ្តាលឲ្យមានការផ្តល់ប្រាក់ លើសកំណត់ ក្នុងចំនួនដ៏ច្រើនបែបនេះ។ ប៉ុន្តែនាង មិនបានរាយការណ៍រឿងនេះដល់ផ្នែកគ្រប់គ្រងធនាគារនោះឡើយ ហើយបែរជា ព្យាយាមលួចលាក់ រត់ពន្ធលុយទាំងនោះទៅកាន់ប្រទេសម៉ាឡេស៊ីថែមទៀត។ យោងទៅតាមច្បាប់អូស្ត្រាលី អ្នកដែលព្យាយាមប្រើប្រាស់ លុយរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត គឺត្រូវចាត់ចូលជាបទឧក្រិដ្ឋកម្ម៕