(ក្រចេះ)៖ រថយន្តយីឌុបដឹកដំឡូងមីស្ងួតមួយគ្រឿង ដែលផ្ទុកទម្ងន់ជិត៤០តោន បានក្រឡាប់ធ្លាក់ពីលើសាឡាងចូលទន្លេ តែសំណាងល្អ អ្នកបើកបររថយន្ត បានរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១៣៖១៥នាទី រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅលើដ-ចម្លង (ឆ្លូង-កំពង់គរ) ស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ ក្នុងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។អ្នកបើកបរ រថយន្តឈ្មោះ សឹង ស៊ីថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅឃុំដីដុះ ស្រុកព្រែកប្រសព្វ បើកបររថយន្តពាក់ស្លាកលេខ កំពង់ចាម 3A-4344។
លោក បានប្រាប់ Fresh News ថា នៅមុនពេលហេតុការណ៍នេះ បានកើតឡើង ខណៈដែលលោកជាអ្នក បើករថយន្តផ្ទាល់បានបើក រថយន្តឡើងលើសាឡាង ដោយខាងក្បាលរថយន្តឡើងទៅមុន ហើយមានកម្មករម្នាក់ ឈរចាំស៊ីញ៉ូដៃពីមុខរថយន្តឲ្យរថយន្តរបស់លោក ឡើងលើសាឡាងនោះ។ ប៉ុន្តែរថយន្តឡើងមិនទាន់បាន ពាក់កណ្ដាលសាឡាងផង ស្រាប់តែសាឡាងនោះ ផ្អៀងទៅមួយចំហៀង បណ្ដាលឲ្យរថយន្តរបស់លោកក្រឡាប់ធ្លាក់ទឹកទន្លេតែម្ដង ចំណែករូបលោក ឃើញសភាពដូច្នេះ ក៏លោតចេញពីរថយន្តនោះភ្លាម។
លោកបានបន្តថា រថយន្តរបស់លោក ដឹកដំឡូងមីស្ងួត ផ្ទុកទម្ងន់មានចំនួនជិត៤០តោន ឆ្លងតាមសាឡាងនេះសឹងថា រាល់ថ្ងៃទាំងថ្ងៃ ទាំងយប់ ដោយឆ្លងទៅមកម្ដង ម្ចាស់ដ-ចម្លងគេយកតម្លៃ២៣ម៉ឺនរៀល។
លោក សឹង ស៊ីថា បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យ រថយន្តលោកក្រឡាប់បែបនេះ គឺបណ្ដាលមលពីការធ្វេសប្រហែសរបស់ ម្ចាស់ដ និងអ្នកគ្រប់គ្រងនៅលើនោះ ទើបបណ្ដាលឲ្យមានរឿង យ៉ាងដូច្នេះ។ ចំណែកឯកម្មករដែលធ្វើការនៅលើសាឡាងនោះវិញ បានឲ្យដឹងថា នៅពេលដែលឃើញរថយន្តដឹកដំឡូងមីនោះរៀបឡើង លើសសាឡាង រូបគេបានឲ្យប្រជាពលរដ្ឋដែលនៅលើសាឡាង នោះអែបទៅម្ខាង ដោយដឹងថា រថយន្តដឹកដំឡូងមីនោះធ្ងន់ ហើយក៏ឲ្យរថយន្តនោះឡើងមកតិចៗ។ ស្រាប់តែរថយន្តឡើងមកយ៉ាងលឿន ហើយពេលនោះសាឡាងក៏ផ្អៀង ពេលនោះរថយន្តនោះក៏ឈប់ស្ងៀម។ ក្រោយមកទៀត អ្នកបើកបររថយន្តនោះក៏បានបើកថយក្រោយ ធ្វើឲ្យសាឡាងនោះផ្អៀងកាន់តែខ្លាំងបណ្ដាលឲ្យរថយន្តដឹកដំឡូងនោះក្រឡាប់ធ្លាក់ចូលទន្លេតែម្ដងទៅ នេះបើតាមការលើកឡើងរបស់ កម្មករ ដែលធ្វើការនៅលើសាឡាងនោះ។
ជាមួយគ្នានោះដែរ លោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់ដ-ចម្លង បានចេញមុខមកធ្វើការអន្តរាគមន៍ ដោយស្រែកប្រាប់មហាជនថា ដ-ចម្លង របស់លោក គឺជាអ្នកត្រូវ ចំណែកឯភាគីខាងរថយន្ត គឺជាអ្នកខុស ទើបរថយន្តធ្លាក់ចូលទន្លេបែបនេះ មិនមែនជាកំហុសរបស់ដ-ចម្លង របស់លោកឡើយ ដូច្នេះហើយសូមអ្នកយកព័ត៌មានទាំងអស់មេត្តាជួយផ្សាយឲ្យបានត្រឹមត្រូវផង ព្រោះដ-របស់លោកមិនបានខុសទេ។ តែទោះជាយ៉ាងណាក្ដី ប្រភពពីប្រជាពលដ្ឋដែលរស់នៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ពួកគាត់មិនពេញចិត្តជាខ្លាំងចំពោះ ឥរិយាបថរបស់លោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់ដចម្លងខាងលើនេះ និងកូនចៅរបស់លោកនាពេលកន្លមក ដែលធ្វើឲ្យប្រជាពលរដ្ឋ កើតមានការមិនពេញចិត មានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិនៅពេលឆ្លងម្ដងៗ។ ប្រភពដដែល បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះលោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់ដ-ចម្លង (ឆ្លូង-កំពង់គរ)ថា ករណីក្រឡាប់រថយន្តខាងលើនេះ មិនមែនជារឿងថ្មី នឹងទើបតែកើតឡើងនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបានកើតឡើងជាច្រើនលើកមកហើយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ គឺដោយសារតែការប្រមាថ និងការធ្វេសប្រហែសរបស់លោក ម៉ាត់ ហ៊ីម និងកម្មកររបស់លោកធ្វើឲ្យ ទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនត្រូវខូចខាត និងបាត់បង់អាយុជីវិត។ ប្រជាពលដ្ឋដដែល បានបន្តឲ្យដឹងទៀតថា ហើយករណីខាងលើ នេះទៀតសោធ គឺបានកើតឡើងចំនួន ៣លើក ចំពោះរថយន្តដឹដំឡូងមី មានចំនួន ២លើក ក្រឡាប់រថយន្តដឹកដើមរាំងចំនួន ១លើក និងករណីមនុស្សវ័យចំណាស់ លោតពីលើស្រឡាងលង់ទឹកស្លាប់ម្នាក់ កាលដើមឆ្នាំ២០១៥កន្លងទៅនោះ។ ទន្ទឹមនឹងនោះផងដែរ ប្រជាពលរដ្ឋ ក៏បានអំពាវនាវដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ សូមមេត្តាជួយចុះពិនិត្យមើល និងមានវិធានការទប់ស្កាត់ចំពោះកន្លែង ធ្វើអាជីវកម្មកំពង់ចម្លង (ឆ្លូង-កំពង់គរ)មួយនេះផង ព្រោះថារថយន្តយីឌុបដែលឆ្លងទៅមកម្ដងៗ គឺសុតតែធំៗហើយដឹកធ្ងន់ ធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងតាមសាឡាងនោះម្ដងៗ មានការព្រួយបារម្ភយ៉ាងខ្លាំង៕