(ភ្នំពេញ)៖ កញ្ចប់ទេសចរណ៍ក្នុងស្រុកទៅកាន់គោលដៅទេសចរណ៍នានា ត្រូវបានរៀបចំ និងកំពុងលក់ជាបណ្តើរៗទៅឱ្យភ្ញៀវទេសចរផ្ទៃក្នុង សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខណៈមូលដ្ឋានសេវាស្នាក់នៅទេសចរណ៍មួយចំនួនបានបើកទទួលការកក់បន្ទប់បណ្ដើរៗដែរហើយ ជាមួយការបញ្ចុះតម្លៃពិសេស។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខ មូលដ្ឋានសេវាស្នាក់នៅទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងបូទីក បានបើកទទួលការកក់បន្ទប់ជាមួយការបញ្ចុះតម្លៃពិសេស ហើយភ្ញៀវទេសចរមួយចំនួនក៏បានកក់ជាបណ្តើរៗផងដែរ»

លោកបានបន្តថា ជាមួយនឹងការបើកដំណើរការទិដ្ឋាការឡើងវិញ (Visa on Arrival) វិស័យឯកជនរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានមួយចំនួន ខណៈដែលកញ្ចប់ទេសចរណ៍ក្នុងស្រុកទៅកាន់គោលដៅទេសចរណ៍នានា ត្រូវបានរៀបចំនិងលក់ជាបណ្តើរៗទៅឱ្យភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិនេះផងដែរ។

រដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងរៀបចំផែនការក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិ ដូចជាការរៀបចំព្រឹត្តិការណ៍ ការតុបតែងលម្អ ទន្ទឹមគ្នានឹងការពង្រឹងការអនុវត្តវិធានការ ៣កុំ និង៣ការពារ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងការគ្រប់គ្រងចរន្តភ្ញៀវនៅតាមគោលដៅដែលអាចមានការប្រមូលផ្តុំច្រើន

លោករដ្ឋមន្ត្រីក៏បានបង្ហាញអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២២ ក្នុងនោះកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២១៥,០៩៥នាក់ ក្នុងនោះភ្ញៀវជាតិ២០៣,៤០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៦៩៤នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣៤,៨៨០នាក់
* ខេត្តកំពត ៣៣,៧៨៨នាក់
* រាជធានីភ្នំពេញ ២៦,៦០១នាក់
* ខេត្តបាត់ដំបង ២៣,២៩៥នាក់
* ខេត្តសៀមរាប ១៦,៥៩៨នាក់
* ខេត្តកែប ១៣,៦៤៥នាក់
* ខេត្តពោធិ៍សាត់ ១៣,៣៨៩នាក់៕