(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះស្មារតីនៃកិច្ចប្រឹងប្រែង និងមិនបោះបង់របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការកសាងសង្គមកម្ពុជាឡើងវិញពីគំនរផេះផង់ភ្លើងសង្គ្រាម រហូតមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ អ្វីដែលធ្វើឱ្យលោកនាយករដ្ឋមន្ត្រីជប៉ុន កាន់តែកោតសរសើរ និងស្ញប់ស្ញែងកាន់តែខ្លាំងថែមទៀតនោះ គឺស្មារតីសន្តិភាព ដែលប្រជាពលរដ្ឋកម្ពុជាបានប្រកាន់ខ្ជាប់។
ក្នុងសន្នីសីទរួមក្រោយជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោក គីសីដា បានលើកឡើងថា ស្មារតីសន្តិភាពដែលប្រជាពលរដ្ឋកម្ពុជា បានប្រកាន់ខ្ជាប់ជាគំរូមួយដែលពិភពលោកគួររៀនសូត្រពីស្មារតីនេះ។
លោក គីស៊ីដា បានគូសបញ្ជាក់ថា «រាល់ពេលនៃទស្សនកិច្ចនៅកម្ពុជា ខ្ញុំគិតទៅដល់តម្លៃសន្តិភាព។ ខ្ញុំសូមសម្តែងនូវការគោរពជូនដល់ប្រជាជនកម្ពុជា ចំពោះស្មារតីដែលមិនបោះបង់ រហូតទាល់តែកសាងប្រទេសឡើងវិញ បានពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីសង្គ្រាមស៊ីវិល។ យើងគួររៀនពីស្មារតីកម្ពុជា ដោយសារនៅលើពិភពលោកនាពេលបច្ចុប្បន្នកំពុងមានការគំរាមដល់ជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសន្តិភាព»។
កម្ពុជាបានជួបនូវវិនាសសកម្មភាពនៃភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុតក្រោយថ្ងៃរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ កាន់តែសង្វេគថែមទៀតនោះ របបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថារបបខ្មែរក្រហម បានបង្កើតនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ទោះបីរបបនេះត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ តែភ្លើងសង្គ្រាមមិនបានផុតរលត់នោះឡើយ។ កម្ពុជាត្រូវរង់ចាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុង នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដីជាប្រវត្តិសាស្ត្រ ក្រោយនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំជាតិ។
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ និងឥស្សរជនរបស់កម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកសាងសង្គមកម្ពុជាចេញពីគំនរភ្លើងសង្គ្រាមឆ្ពោះមកកាន់ការរីកចម្រើនដូចពេលបច្ចុប្បន្ន។ ជប៉ុន គឺជាប្រទេសដ៏សំខាន់មួយ ដែលបានផ្តល់ផ្តល់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីកសាងសង្គមកម្ពុជាឡើងវិញ។
នៅក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវទស្សនៈទានមួយចំនួនជាមួយលោក គីស៊ីដា ពាក់ព័ន្ធនឹងតម្លៃនៃសុខសន្តិភាពផងដែរ។ សម្តេចតេជោមេដឹកនាំដែលគេប្រសិទ្ធនាមជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានបញ្ជាក់ថា សម្តេចបានជម្រាបទៅលោក គីស៊ីដា ដើម្បីរកបានសុខសន្តិភាពនេះ គឺគេមិនអាចយកសង្គ្រាមទៅពន្លត់ភ្លើងសង្គ្រាមបាននោះឡើយ។
ក្រោមម្លប់សុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់នៅកម្ពុជា លោក គីស៊ីដា បានបង្ហាញក្តីសង្ឃឹមខ្លាំងចំពោះការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ លោកបានប្រកាសថា ជប៉ុន នឹងបន្តជួយជំរុញការវិនិយោគតាមរយៈកម្មវិធីពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាដ៏ឆ្លាតវៃ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សឧស្សាហកម្មកម្រិតខ្ពស់៕