(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានលើកឡើងថា ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំមិនមានពេលបញ្ចប់ទេ ជាពិសេសសម្រាប់នាយទាហាន ពលទាហានវ័យក្មេង។ ការឈប់ហ្វឹកហ្វឺន ឈប់រៀនសូត្រ គឺនៅពេលដែលចូលនិវត្តន៍ប៉ុណ្ណោះ បើសិនជានៅបន្តស្លៀកពាក់ឯកសណ្ឋាននេះ, បន្តអាជីពនេះ, ការងារហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំ ដើម្បីជាតិមាតុភូមិ និងប្រជាជន។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើងកងកម្លាំងពិសេសប្រឆាំងបាតុកម្ម និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ក្រោយពីវិបត្តិនៃជំងឺឆ្លកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំ អង្គភាពវរសេនាតូចថ្មើរជើលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានដំណើរការបើកវគ្គហ្វឹកហ្វឺនតាមផែនការឡើងវិញ។ លោកបានថ្លែងកោតសរសើរ ចំពោះការសម្តែងក្បាចគុន របស់សិក្ខាកាមកម្លាំងពិសេសប្រឆាំងបាតុកម្ម ដែលបានដាក់បញ្ជូលកម្មវិធីហាត់ក្បាច់គុន ដើម្បីពង្រឹងកាយសម្បទាយោធិន ឱ្យបានរឹងមាំ រហ័សរហួន មានជំនាញ និងចូលរួមចំណែកថែរក្សា សម្បត្តិវប្បធ៌មជាតិ ដែលបានបន្សល់ទុកពីដូនតា និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ កងទ័ពជើងគោក ដែលបានចងក្រងក្បាច់គុន ចំនួន៣បញ្ជូលគ្នា ជាក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនរួមមាន៖ ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពល្អជាមួយមិត្តក្នុងវគ្គដោយចេះជួយគ្នាទៅវិញទៅមក ត្រូវចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា និងថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បានណែនាំដល់យោធិន និងសិក្ខាកាមទាំងអស់ ត្រូវរក្សាអនាម័យឲ្យបានល្អ និងអនុវត្តន៍ឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើង មានរយៈពេល៦១ថ្ងៃ និងកងកម្លាំងពិសេសប្រឆាំងបាតុកម្មនឹងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ មានរយះពេល ១៣៤ថ្ងៃ៕