(ភ្នំពេញ)៖ ស្របតាមប្រតិទិនការងារដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ នៃបណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន (NADI) ក្រោមមូលបទ «ការរំឭកខួបលើកទី១៥ នៃបណ្ដាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន ផ្ដោតសំខាន់លើសមិទ្ធផល បញ្ហាប្រឈម និងការរំពឹងទុក» នាថ្ងៃទី២១-២២ ខែមីនា និងកិច្ចប្រជុំចង្អៀតលើកទី៦ របស់ NADI ស្ដីពី«ការផ្លាស់ប្ដូរទស្សនៈវិស័យការពារជាតិ» នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ នៃបណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន (Network of ASEAN Defense and Security Institutions ហៅកាត់ថា NADI) និងកិច្ចប្រជុំចង្អៀតលើកទី៦ របស់ NADI។

កិច្ចប្រជុំទាំងពីរខាងលើនេះ នឹងត្រូវបានដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ ដោយមានការចូលរួមពីបណ្តាស្ថាប័ន និងវិទ្យាស្ថានការពារជាតិ និងសន្តិសុខ នៃប្រទេសជាសមាជិកអាស៊ាន សរុបចំនួន១៣ស្ថាប័ន ដោយរួមទាំងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ផងដែរ។

NADI គឺជាបណ្តាញវិទ្យាស្ថានស្រាវជ្រាវនៃប្រទេសសមាជិកអាស៊ានទាំង១០ ដែលត្រូវបានបង្កើតនៅឆ្នាំ២០០៧ ដើម្បីប្រមូលផ្តុំអ្នកវិភាគគោលនយោបាយដែលមានឯកទេសលើបញ្ហាការពារជាតិនិងសន្តិសុខ អ្នកសិក្សាស្រាវជ្រាវលើកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ និងមន្ត្រីការពារជាតិរួមគ្នាសិក្សាស្រាវជ្រាវ ស្វែងរកដំណោះស្រាយលើបណ្តាបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ នឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួន០៣រួមមានទី១៖ ការវាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលរបស់ NADI ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក, ទី២៖ ការប្រមើលមើលបញ្ហាប្រឈមផ្នែកសន្តិសុខដែលនឹងកើតមានក្នុងរយៈពេល ៥ឆ្នាំខាងមុខ និងទស្សនទាននៃទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ADMM និង ADMM-Plus នាពេលអនាគត និងទី៣៖ ការប្រមើលមើលវិថីឆ្ពោះទៅមុខសម្រាប់ NADI ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។

ប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិកម្ពុជា ក៏នឹងអញ្ជើញចូលរួមដើម្បីផ្លាស់ប្ដូរទស្សនក្នុងវិស័យអាស៊ានយោធា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥នេះផងដែរ។

នៅក្នុងកិច្ចប្រជុំចង្អៀតលើកទី០៦ នឹងមានការផ្លាស់ប្តូរទស្សនៈ ក៏ដូចជាចក្ខុវិស័យក្នុងចំណោមស្ថាប័នទាំង១៣របស់NADI លើបរិបទនៃការការពារជាតិ និងសន្តិសុខសហសម័យ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមគ្នា ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់ ស្របតាមមូលបទរបស់ ADMM នៅឆ្នាំនេះគឺ "SOLIDARITY FOR HARMONIZED SECURITY" ដែលផ្តោតសំខាន់លើការបន្ត និងនិរន្តរភាពក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការប្តេជ្ញាចិត្តលើកកម្ពស់ភាពជាដៃគូប្រកបដោយមិត្តភាពសម្រាប់សន្តិភាព និងស្ថិរភាព។

ក្នុងចំណោមយន្តការសន្តិសុខជាច្រើន ដែលត្រូវបានដាក់ឱ្យដំណើរការ NADI គឺជាយន្តការមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំការសិក្សាស្រាវជ្រាវ និងទស្សនៈសម្រាប់ស្ថាប័នការពារជាតិអាស៊ាន។

ជាមួយនឹងទស្សនវិស័យជាសាកល និងលទ្ធផលក្នុងតំបន់ កិច្ចប្រជុំនេះបន្តដើរតួនាទីជាអ្នកស្វែងរកអនុសាសន៍ ទស្សនទានសម្រាប់ការវិភាគ ដែលជាកម្មវត្ថុនៃការពិចារណា និងការអនុម័តដោយថ្នាក់ដឹកនាំនែADSOM និង ADMM“៕