(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងទូហ្គេមមួយកន្លែង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយទទួលបានព័ត៌មានថា ទីតាំងហ្គេមនេះ សំបូរទៅដោយក្រុមជក់គ្រឿងញៀនដែលបង្កភាពអសន្តិសុខ។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបទូហ្គេមនេះ ឃាត់ខ្លួនបានមនុស្ស១១នាក់ ក្នុងនោះមានស្រី៣នាក់ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌ ដើម្បីធ្វើតេស្ដរកសារធាតុញៀន ជាលទ្ធផល មនុស្ស៩នាក់មានសារធាតុញៀនក្នុងខ្លួន ចំណែកស្រី២នាក់ទៀត គ្មានសារធាតុញៀននោះទេ។ បច្ចុប្បន្នទូហ្គេម១គ្រឿង និងមនុស្ស៩នាក់ ត្រូវបានបញ្ជូនខ្លូនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕