(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សាររបស់សម្តេចដែលប្រកាសអំពីការបើកប្រាក់បៀវត្សរឌុប នៅខែមីនា-មេសា ជូនដល់មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធនោះ គឺជាសារចាស់នៅលើហ្វេសបុកទេ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីបំភ្លឺចំពោះ ការចែកចាយសារចាស់នេះ ឡើងវិញធ្វើឱ្យមានការយល់ច្រឡំ។
សម្តេចបញ្ជាក់ដូច្នេះថា៖ «ឆ្នាំនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាត្រូវតែចូលឆ្នាំ ហើយក៏សូមបញ្ជាក់ផងដែរថា ថ្ងៃមុននាំគ្នាផ្អើលមួយប្រទេសថា "លោក ហ៊ុន សែន នឹងបើកប្រាក់បៀវត្សខែ៣ហើយ ថែមខែ៤ទៀត»។ សម្តេចបន្តថា៖ «គេថា លោក ហ៊ុន សែន ឆ្នាំហ្នឹងត្រូវបានប្រាក់ខែឌុប បង្កើនប្រាក់ខែខែ៣ហើយ ខែ៤ ហើយបន្តឯណាឯណីទៀត គឺអត់ទេ អាហ្នឹងបង្ហោះតាំងពីយូរហើយ»។
សម្តេចថា ព័ត៌មាននេះ បានធ្វើឱ្យមានការយល់ច្រឡំ ដោយក្នុងនោះក៏មាន លោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់សម្តេចដែរ។ សម្តេចបញ្ជាក់ថា ការបង្ហោះនៅលើហ្វេសបុក នៅពេលដល់ខួបរបស់វានោះ វានឹងចេញមកម្តងទៀត ដើម្បីជាការរំលឹក៕