(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីតុលាការបានថ្លែងឲ្យ Fresh News ដឹងថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក ប៉ែន ចំរ៉ុង ជាពិធីករ និងជាតារាសម្ដេងល្បីឈ្មោះ និងអ្នកស្រី ភិន សុដាលីស ជាភរិយាឲ្យចូលខ្លួនមកតុលាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។ ការកោះហៅនេះធ្វើឡើងតាមបណ្តឹងសុំលែងលះប្រពន្ធ របស់លោក ប៉ែន ចំរ៉ុង ដែលបានដាក់ចូលដល់ដៃតុលាការ កាលពីមុនពិធីបុណ្យចូលឆ្នាំថ្មី។
ប្រភពព័ត៌មានបញ្ជាក់ថា តារាសម្ដែងលោក ប៉ែន ចំរ៉ុង ដែលកំពុងតែហ៊ុំព័ទ្ធដោយពាក្យរិះគន់ តិះដៀលពីសំណាក់មហាជនថា ជាតារាសម្ដែងគ្មានភាពក្លាហាន និងទំនួលខុសត្រូវចំពោះអនាគតភរិយានោះ បានទទួលដីកាកោះពីចៅក្រមរួចហើយ ។ ចំណែកអ្នកស្រី ភិន សុដាលីស ពុំទាន់បានទទួលបានដីការនៅឡើយទេ។
សូមជម្រាបថា ចំណងស្នេហារស់នៅ ក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ គ្រាន់តែចុះ អ៊ីតាស៊ីវិលពេញផ្លូវច្បាប់រយៈពេលជាង១ឆ្នាំ រវាងតារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះមានតាមព័ត៌មាន ពីតុលាការក្រុងភ្នំពេញ បានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះរង្គើរ រហូតឈានដល់ការសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការជាផ្លូវការ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក ពេជ្រ វិជ្ជាធរ សាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីតុលាការធ្លាប់បានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យបណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះបានត្រឹមតែលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មាន ពីចង្កោមរស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូរមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ចុះចោលផ្ទះ ប្រមាណជិតមួយខែឯណោះ។
ដោយឡែក បើព័ត៌មានខ្លះទៀតបាននិយាយថា គេសង្កេតឃើញ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមានទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ចំណុចទាំងនេះ ក៏បានធ្វើឲ្យ សុដាលីស កាន់តែមានលេសដើម្បីងាយស្រួល ក្នុងការចោទប្រកាន់ថាស្វាមី ប៉ែន ចំរ៉ុង កំពុងមានស្នេហាថ្មី ជាមួយនារីផ្សេង ក្លាយជាជម្លោះក្នុងគ្រួសារ។
យ៉ាងណាមិញ Fresh News និង Khmertalking នៅរសៀលថ្ងៃទី០៥ ខែឧសភា នេះ មិនទាន់អាចស្វែងការស្រាយ ភ្លឺតាមទូរស័ព្ទពីសំណាក់ ស្វាមី-ភរិយា អ្នកទាំងពីរគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បាននៅឡើយទេ ជុំវិញដីការកោះហៅឲ្យចូលបំភ្លឺ ក្នុងបណ្ដឹងសុំលែងលះខាងលើនេះ៕