(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែឧសភានេះ បានផ្តើមគោលនយោបាយភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល ដោយបានជួបពិភាក្សាការងារជាមួយអង្គការ People In Need ដែលមានគម្រោង ចូលរួមពង្រឹង ការយល់ដឹងរបស់សហគមន៍ក្រីក្រ នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ។
បើយោងតាម Facebook លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការពិភាក្សានោះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់អនុសាសន៍ ទៅអង្គការចំនួន០៤ចំណុចសំខាន់ៗ ដល់អង្គការរួមមាន៖
១-អំពីស្ថានភាពសហគមន៍ក្រីក្រធំៗ ក្នុងរាជធានីភ្នំពេញ មានចំនួន២៥២សហគមន៍ មានប្រជាពលរដ្ឋជាង៣០ម៉ឺននាក់។
២-ហានិភ័យនៃសហគមន៍ក្រីក្រ មានច្រើនបញ្ហាទាំងលំនៅដ្ឋាន ទាំងបរិស្ថាន ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងគំនិតស្មារតី ទាំងរបៀបរស់នៅ ក្នុងសហគមន៍ជាដើម ដែលត្រូវយកចិត្តទុកដាក់។
៣-ត្រូវរួមសហការគ្នាដាក់គោលដៅ ឱ្យបានច្បាស់លាស់ ក្នុងការជួយដល់សហគមន៍ណាមួយ ដោយកំណត់ពីគោលដៅ គោលបំណង និងពេលវេលាឱ្យបានច្បាស់លាស់។
៤-អង្គការអាចធ្វើការចុះកិច្ចព្រមព្រៀងជាមួយ សាលារាជធានីភ្នំពេញ ដើម្បីពង្រឹងកិច្ចសហការជួយ ដល់សហគមន៍ក្រីក្ររបស់យើង ឱ្យបានល្អ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថ តាមរយៈគោលនយោបាយអភិវឌ្ឍន៍ សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ លោកអំពាវនាវដល់ បងប្អូនអង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជនទាំងអស់ សូមចូលរួមជាមួយសាលារាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ជីវភាពបងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រឱ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ៕