(ភ្នំពេញ)៖ សាលាជាតិកសិកម្មចំនួនពីរ គឺសាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មខេត្តកំពង់ចាម នឹងតម្លើង កម្រិតទៅជាវិទ្យាស្ថាន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងគុណភាពអប់រំផ្នែកកសិកម្ម។
គម្រោងតម្លើងកម្រិតពីសាលាជាតិកសិកម្ម ទៅជាវិទ្យាស្ថានជាតិកសិកម្ម ត្រូវបានលើកយកពិភាក្សាក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានប្រាប់ Fresh News ថា ដើម្បីចូលរួមចំណែកពង្រឹងវិស័យកសិកម្មនៅកម្ពុជា ការពង្រឹងគុណភាពអប់រំលើផ្នែកកសិកម្ម គឺជារឿង ដ៏សំខាន់ និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ លោក វេង សាខុន បានបន្តថា ការតម្លើងពីកម្រិតសាលា ទៅជាវិទ្យាស្ថាននេះ នឹងធ្វើឲ្យការផ្តល់អប់រំលើផ្នែកកសិកម្មបានកាន់តែល្អប្រសើរ ហើយក៏ជាការជួយតម្លើងកម្រិតប្រាក់បៀវត្សរ៍របស់គ្រូ និងសាស្រ្តាចារ្យ នៅក្នុងសាលាទាំងពីរនេះផងដែរ។
បើតាមលោក វេង សាខុន ក្រៅពីការតម្លើងកម្រិតសាលាហើយនោះ លោក ក៏នឹងធ្វើការពង្រឹងបច្ចេកទេស និងគុណភាពអប់រំនៅក្នុងសាលាទាំងពីរនេះថែមទៀត។ លោក បានថ្លែងយ៉ាងដូច្នេះ «ការពង្រឹងគុណភាពអប់រំផ្នែកកសិកម្ម ដល់សិស្សនិស្សិត គឺជាកត្តាសំខាន់ ដើម្បីពង្រឹងវិស័យកសិកម្មនៅកម្ពុជា»។
លោក វេង សាខុន បានសម្តែងការរំពឹងថា បន្ទាប់ពីការតម្លើងកម្រិតសាលានេះ នឹងជួយឲ្យការបណ្តុះបណ្តាលផ្នែកកសិកម្ម នៅសាលាទាំងពីរនេះ បានកាន់តែល្អប្រសើរ។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោក វេង សាខុន ក៏បានពិភាក្សាទៅលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការតម្លើងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីកិច្ចសម្របសម្រួលក្នុងការបង្កើត និងការគ្រប់គ្រងសត្តឃាតដ្ឋាន និង ការរៀបចំដំណើរការមន្ទីរពិសោធន៍ របស់សាលាជាតិកសិកម្មព្រែកលៀបផងដែរ៕