(កំពង់ស្ពឺ)៖ រថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត នៅថ្ងៃពុធ ទី៤ ខែឧសភាម្សិលមិញ បានបន្តដឹកទឹកទៅចែកចាយ ដល់ប្រជាពលរដ្ឋបានពីរភូមិបន្ថែមទៀត គឺភូមិព្រៃថ្កូវ ឃុំព្រះនិពាន្ដ និងភូមិស្នួល ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ម៉ិច សារ៉ន មេឃុំព្រះនិពាន្ដ មានប្រសាសន៍ថា៖ «ការចែកទឹកនៅភូមិព្រៃថ្កូវម្សិលមិញ គឺបានជាង៥០គ្រួសារ។ ក្នុងភូមិនេះ មានទាំងប្រជាពលរដ្ឋមានលទ្ធភាព និងគ្មានលទ្ធភាពទិញទឹកប្រើប្រាស់។ តែអ្វីដែលភ្ញាក់ផ្អើល គឺអ្នកដែលមានជីវភាពទិញទឹកប្រើប្រាស់ សុខចិត្តឲ្យទឹកដែលគេយកទៅចែកគាត់ ទៅឲ្យប្រជាពលរដ្ឋដែលក្រីក្រខ្លាំង។ ម្នាក់ៗមានតែត្រេកអរ និងអរគុណដល់ក្រុមហ៊ុន ស្រាបៀរកម្ពុជា»។
ចំណែកមេឃុំមហាឫស្សី លោក ស្វាយ ជឿង ថ្លែងថា រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកមកចែកប្រជាពលរដ្ឋ នៅភូមិស្នួលនេះ ម្ដងហើយកាលពីថ្ងៃអាទិត្យ ទី១ ខែឧសភា ប៉ុន្តែនៅថ្ងៃម្សិលមិញ រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទឹកមកចែកជូន ប្រជាពលរដ្ឋក្នុងភូមិនេះបន្ថែមទៀត។
លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី ថ្លែងថា៖ «ពេល យើងចែកចាយទឹកម្សិលមិញ យើងសង្កេតឃើញថា សន្ដានចិត្តចេះចែករំលែក ក៏កើតមានដែរក្នុងចំណោម ប្រជាពលរដ្ឋតាមសហគមន៍។ អ្នកដែលមានលទ្ធភាពទិញទឹកប្រើប្រាស់ សុខចិត្តឲ្យទឹកដែលជាចំណែករបស់គាត់ បរិច្ចាគដល់អ្នកដែលពុំមានលទ្ធភាពទិញទឹកស្អាតប្រើប្រាស់។ គាត់ចង់បង្ហាញថា ទន្ទឹមនឹងក្រុមហ៊ុនយើងធ្វើសកម្មភាពសប្បុរសធម៌ គាត់ក៏ចង់ចូលរួមធ្វើសកម្មភាពសប្បុរសធម៌ដែរ»។
មកដល់ពេលនេះ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកទឹកមកចែកជូនប្រជាពលរដ្ឋ៧ថ្ងៃជាប់ៗគ្នា បានចំនួន៨ភូមិក្នុងខេត្តពីរ គឺខេត្តកំពត និងខេត្តកំពង់ស្ពឺ សរុបជាគ្រួសារបានប្រហែល៤០០គ្រួសារ។ កន្លងមក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិតស្រាបៀរកម្ពុជា តែងតែជួយសង់សាលារៀន ឧបត្ថម្ភមន្ទីរពេទ្យ ផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ និងជួយផ្នែកមនុស្សធម៌ផ្សេងៗ៕