(កោះកុង)៖ មន្ត្រីសមត្ថកិច្ចច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុងបានរងនូវការរិះគន់ពីបុគ្គលិករថយន្តសង្គ្រោះបន្ទាន់ និងប្រជាពលរដ្ឋខ្មែរដោយសារតែមិនព្រមបើកបារ៉ាស់ច្រកទ្វារព្រំដែនអោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខ្មែរ បើកចូលមកក្នុងប្រទេសវិញ ក្រោយរថយន្តនេះបានដឹកអ្នកជំងឺយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃហើយវិលត្រឡប់មកវិញហួសម៉ោងកំណត់។
ការរិះគន់នេះត្រូវបានគេឃើញម្ចាស់ផេកហ្វេសប៊ុកមួយឈ្មោះ "លោកកវីអត់ក្រឹត្យ" លើកយកមកសរសេរបញ្ចេញជាមតិថា «រឿងនិទានមានពិត !នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ !ខ្ញុំមកធ្វើការនៅកោះកុងជិត៣អាណត្តិបោះឆ្នោតហើយ ទើបតែយប់មិញនេះទេ ខ្មែរហាមឡានពេទ្យខ្មែរមិនឱ្យចូលស្រុកខ្មែរ ព្រោះហួសម៉ោង១០ត្រូវបិទព្រំដែនហើយ! ពិតជាការងារល្អជាងប្រទេសថៃឆ្ងាយណាស់! ខាងថៃឃើញតែឡានពេទ្យបើកឱ្យចេញ ចូលភ្លាម តែអនិច្ចាកូនចៅខ្ញុំអើយ សុខចិត្តនាំគ្នាមកចោលឡានកំសត់ឱ្យនៅតែម្នាក់ឯងកណ្ដាលផ្លូវមុខព្រំសីមាខាងកម្ពុជាទៅវិញ ! អាណិតឡានណាស់ !!!»។
ក្រោយការបង្ហោះសារត្អូញត្អែរ និងរិះគន់រួមទាំងដាក់រូបថតរថយន្តសង្គ្រោះបន្ទាន់ចតនៅពីមុខបារ៉ាស់ជាក់ស្ដែងផងនោះ បានធ្វើអោយមានអ្នកចូលមើល អ្នកខូមិន និងស៊ែរចែករំលែកតគ្នាជាច្រើនដោយអ្នកខូមិនភាគច្រើន បាននិយាយចំអក និងនាំគ្នារិះគន់ទៅលើសមត្ថកិច្ចនៅច្រកទ្វារព្រំដែនប្រៀបប្រដូចទៅនឹងអាជ័យចាំចំការ និងខ្លះនាំគ្នាស្នើសុំអោយថ្នាក់លើជួយពិនិត្យមើលតើគួរតម្លើងសក្ដិអោយពួកគាត់ឬយ៉ាងណាទៀតផង។ ចំណែកម្ចាស់ផេកវិញបានលើកឡើងថាសមត្ថកិច្ចថៃគ្រាន់តែឃើញរថយន្តសង្គ្រោះបន្ទាន់បើកមកដល់ភ្លាម បើកទ្វារព្រំដែនអោយចេញភ្លែត ព្រោះគេយល់ថារថយន្តសង្គ្រោះបន្ទាន់អាចនឹងមានការចាំបាច់ត្រូវរងចាំសង្គ្រោះអ្នកជំងឺទៀត តែពេលបើកចូលមកដល់បារ៉ាស់ខាងដីខ្មែរ បែរជានគរបាលយាមច្រកទ្វារមិនព្រមបើកបារ៉ាស់អោយចូលទៅវិញក្រោមហេតុផលហួសបំរាមគោលចរត្រូវបិទទ្វារព្រំដែននៅម៉ោង១០យប់ទៅវិញបើទោះបីអ្នកបើកបរនិងបុគ្គលិកពេទ្យនិយាយលើកហេតុផលយ៉ាងណាក៏មិនព្រមដែរដោយចុងក្រោយ បុគ្គលិកសំរេចចតរថយន្តទុកចោលនៅមុខបារ៉ាស់អស់មួយយប់ដោយនេះសំណាងហើយចេះយប់នោះមិនមានអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់កុំអី..!
ប្រជាពលរដ្ឋរស់នៅក្បែរមាត់ច្រកទ្វារព្រំដែនចាំយាម ខេត្តកោះកុងបាននាំគ្នារិះគន់ថានគរបាលច្រកទ្វារ គយប្រចាំការនៅមាត់ច្រកបច្ចុប្បន្នតឹងតែង គោរពច្បាប់ គោរពបទបញ្ជាផ្ទៃក្នុងសម្បើមណាស់ជាមួយពលរដ្ឋតូចតាច ជាមួយរថយន្តសង្គ្រោះ ហួសម៉ោងបន្តិចបន្ទួចអត់បានទេ បិទបារ៉ាស់ភ្លាម តែបើទំនិញគេចពន្ធ ទំនិញល្មើសច្បាប់វិញចង់ម៉ោង១ម៉ោង២រំលងអាធ្រាត្រក៏បើកអោយចេញ ចូលដែរ ព្រោះបានលុយច្រកហោប៉ៅ។ចំណែកលោកកៅ សារ៉ាណា មេនគរបាលច្រកទ្វារអន្តរជាតិចាំយាម ដែលជាមន្ត្រីនគរបាលស្រករក្រោយបានឡើងធ្វើមេប៉ុស្ដិ៍ដោយសារឥទ្ធិពលឪពុកជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុងវិញ មិនសូវមានមុខនៅប៉ុស្ដិ៍ជាប់លាប់នោះឡើយគឺឃើញមុខនៅតែភ្នំពេញប៉ុណ្ណោះ ចង់កូនចៅធ្វើអីធ្វើទៅ៕