(កំពង់ស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្ត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះបានដឹកនាំ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលស្រុកបរសេដ្ឋ និងក្រុមការងារចុះឃុំ បងប្អូន យុវជន ស្រុក/ឃុំ ចុះផ្តល់ទឹកសម្រាប់ប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកចំនួន២២០គ្រួសារ នៅភូមិច្រកព្រៀល ឃុំភក្តី ស្រុកបរសេដ្ឋ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានឧបត្ថម្ភប្រជាពលរដ្ឋមកទទួលទឹកក្នុងម្នាក់ ១០,០០០រៀល ឧបត្ថម្ភថ្នាំសម្រាប់បន្សុទ្ធទឹកក្នុងម្នាក់ៗ ទទួលបាន៥បន្ទះ លោក សៀង ទូច សមាជិកក្រុមប្រឹក្សាខេត្ត មកពីគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភទឹក បរិសុទ្ធ១០០យួរ និងទឹកស្អាត ៧០០០លីត្រ។
នៅចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអំពាវនាវឲ្យមានរបាយការណ៍ជាបន្ទាន់ចំពោះ តំបន់ណាដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីឲ្យថ្នាក់ដឹកនាំរបស់យើងចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ពោលមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ឬរងគ្រោះដោយសារតែអត់ទឹកនោះទេ៕