(បន្ទាយមានជ័យ)៖ បើតាមប្រភពពីប្រទេសថៃបានឲ្យដឹងថា មានហេតុការណ៍ផ្ទុះអាវុធមួយប្រាវ របស់យោធា និងតម្រួតថៃ ពេលឆ្មក់បង្ក្រាបពលករខ្មែរចំនួន២៩នាក់ ក្នុងចំណោមពលករទាំង៦០នាក់ ដែលលួចចូលទៅកាប់ឈើ នៅតំបន់ឧទ្យានជាតិ ថាប់ឡាន ខេត្តប្រាជីនបូរី ប្រទេសថៃ។
ប្រភពព័ត៌មានពីប្រទេសថៃ បានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិខ្មែរនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះជនជាតិខ្មែរទាំងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួរនាំបន្តដើម្បីស្វែងរកមេខ្លោង។
តម្រួត និងយោធាថៃ ត្រូវសារព័ត័មានថៃ ស្រង់សំដីថា ពេលអង្គភាពជំនាញព្រៃឈើ និងតម្រួតយោធាដាក់ពង្រាយកំលាំង នៅខាងក្រៅតំបន់ឧទ្យានជាតិ ដើម្បីឃាត់ខ្លួនជនល្មើស លបចូលទៅកាប់ឈើគ្រញូងក្នុងតំបន់នោះ យុវជនម្នាក់បានបាញ់សំដៅមកលើកំលាំងសមត្ថកិច្ចផងដែរ ហើយអ្នកកាប់ឈើជាច្រើនទៀត បានបាញ់មកលើកម្លាំងបន្ថែម។
ប្រភពបន្តថា កំលាំងថៃបានឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ដែលជាពលករខ្មែរ។ បន្ទាប់មកក៏ឃាត់បានមនុស្សចំនួន១១នាក់បន្ថែមទៀត ក្នុងនោះមានពលករខ្មែរ១១នាក់ ជនជាតិថៃម្នាក់ផង។
តាមចម្លើយសារភាព របស់ពលករខ្មែរម្នាក់ ឈ្មោះ ណា វណ្ណា បាននិយាយថា «ពួកខ្ញុំមានគ្នាចំនួន៦០នាក់ ហើយត្រូវបានគេជួលទៅកាប់ដើម ប្រេងខ្យល់ ដោយតម្លៃឈ្នួលក្នុងមួយដើម២០០បាត។ តែជាក់ស្តែងមកកាប់ឈើក្រញូង ក្នុងឧទ្យានជាតិថៃទៅវិញ។ ក្នុងព្រៃ និងក្រៅព្រៃ គេបានបែងចែកជាពីរក្រុម ក្នុងមួយក្រុមមានគ្នា៣០នាក់ ហើយក្រុមមួយជាអ្នកកាត់ឈើ ឯក្រុមមួយទៀតជាអ្នកជញ្ជូនឈើចេញ ពីក្នុងព្រៃមកខាងក្រៅ»។
ពលករខ្មែរបានឲ្យដឹងថា ការលបចូលមកក្នុងទឹកដីថៃ តាមច្រករបៀងក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងពេលរំលងអាធ្រាត។ ពួកគេបានមករស់នៅក្នុងព្រៃ ចំនួន១៤ថ្ងៃមកហើយ។ ក្នុងនោះឈើគ្រញូង ត្រូវបានគេដឹកចេញចំនួន៣ឡាន រួចផុតមកហើយ នៅប៉ុន្មានថ្ងៃមុន។
ចំណែកជនជាតិថៃ ជាអ្នកបើកបររថយន្ត ឈ្មោះ សុំយ៉ុត មូលខនបុរី អាយុ៣៩ឆ្នាំ រស់នៅខេត្តស្រះកែវនិយាយថា ខ្លួនស៊ីឈ្នួលមកទទួលកម្មករ កាប់ឈើវិលត្រឡប់ទៅព្រំដែនកម្ពុជាវិញ ក្នុងមួយជើងគេឲ្យតម្លៃ ៣.០០០បាត តែឥឡូវត្រូវបានឃាត់ខ្លួនស្រេច។
បច្ចុប្បន្នកម្មករស៊ីឈ្នួលកាប់ឈើទាំងអស់ ត្រូវបានកំលាំងជំនាញនាំយក ទៅសាកសួរ ដើម្បីតាមស្វែងរកមេខ្លោងធំ៕