(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៤៥០នាក់ ជាសមាជិកថ្មីចំណុះឲ្យ គណៈកម្មាធិការគណបក្សសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ទូច សារ៉ុម អនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ឫស្សីកែវ ព្រមទាំងលោកស្រី ក្រុមការងារ លោក ឯក ឃុនដឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងលោក លោកស្រីគណៈកម្មាធិការសង្កាត់ឫស្សីកែវ។

ក្នុងពិធីនោះ លោក អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សមាជិកបក្សទាំង៤៥០រូបដែលទើបបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកបានរំលឹកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសយើងមាន លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។ ជាពិសេសសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជាស្នាដៃកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រក្នុងការឈានទៅដណ្តើមជ័យជម្នៈនាពេលបោះឆ្នោតខាងមុខជូនគណបក្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ បានរំលេចថា រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានលុបចោលលក្ខខណ្ឌមួយចំនួននៃការធ្វើដំណើរពីបរទេសចូលមកកម្ពុជា ដែលបង្កនូវភាពងាយស្រួលសម្រាប់លំហូរទេសចរណ៍បរទេស ប៉ុន្តែយើងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង និងប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានិងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រជាពលរដ្ឋដែលបានសម្រេចចិត្ត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយនេះគឺជាការជ្រើសរើសដ៏ត្រឹមត្រូវ សមាជិកគណបក្សម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹកដែលនឹងត្រូវបោះជូនគណបក្ស៕