(បាត់ដំបង)៖ លោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណប្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារបក្សស្រុកបាណន់ ជាប្រធានក្រុមការងារបក្សចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ បានបញ្ជាក់ថា ឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានសមត្ថភាព និងមានស្នាដៃធំៗសំខាន់ៗចំនួន៥ចំណុច ដែលគ្មានគណបក្សណាដែលអាចធ្វើដូចបាននោះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ គ្រូបង្រៀន ពេទ្យ នគរបាល និងយុវជនឃោសនិកបក្ស និងអ្នកសង្កេតការណ៍សរុបចំនួនជាង៣០០នាក់ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ លោក ហែម ថេង បានសង្កត់ធ្ងន់ថា ឥស្សរជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានសមត្ថភាព និងមានស្នាដៃធំៗសំខាន់ៗចំនួន៥ចំណុច គឺគ្មានគណបក្សណាដែលអាចធ្វើដូចបាននោះឡើយ ក្នុងនោះរួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជាបានតស៊ូរំដោះជាតិមាតុភូមិរួចផុតពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ជាតិឯង។

ទី២៖ គណបក្សប្រជាជនកម្ពុជាបានផ្តើមកសាងប្រទេសជាតិតាំងពីបាតដៃទទេ ដោយដៃម្ខាងខិតខំការពារមិនឲ្យការវិលត្រលប់មកវិញបាននូវរបបខ្មៅងងឹតនេះផង និងដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិផង។

ទី៣៖ គណបក្សប្រជាជនកម្ពុជាបានខិតខំស្វែងរកសន្តិភាពតាមគ្រប់រូបភាពបង្រួបបង្រួមជាតិខ្មែរតែមួយ បានដោយជោគជ័យតាមរយៈការដាក់នូវគោលនយោបាយឈ្នះ-ឈ្នះ រហូតបានសន្តិភាពពេញលេញទាំងស្រុងមានភាពល្បីល្បាញលើឆាកអន្តរជាតិទៀតផង។

ទី៤៖ គណបក្សប្រជាជនកម្ពុជាបានបន្តការកសាង និងអភិវឌ្ឍប្រទេសជាតិមានរីកចម្រើនយ៉ាងឆាប់រហ័សខ្លាំងដល់បច្ចុប្បន្ន។

ទី៥៖ គណបក្សប្រជាជនកម្ពុជាបានសង្រ្គោះជីវិតប្រជាពលរដ្ឋរួចផុតពីជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំងការពារបានលឿនបំផុតទូទាំងប្រទេសបានដោយជោគជ័យ។ នេះជាសច្ចភាពមួយដែលមិនអាចប្រកែកបាន គឺទុកជាប្រវត្តិសាស្រ្តយ៉ាងពិតប្រាកដ។

លោក ហែម ថេង បានថ្លែងអំណរគុណដល់និវត្តជនទាំងអស់ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ដែលបានគាំទ្រគណបក្សកន្លងមក និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូតមក។

ដោយឡែក ឆ្នាំ២០២២នេះ នឹងត្រូវដល់អាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ក្នុងនាមនិវត្តជនដែលជាសមាជិកបក្សសូមទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានជ័យជម្នះបន្តដឹកនាំប្រទេសជាតិ កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកប្រធានក្រុមការងារបានបន្តថា និវត្តជនគ្រប់រូបគឺជាធនធានមនុស្សដ៏សំខាន់បំផុតក្នុងការបម្រើប្រទេសជាតិរហូតដល់ចូលនិវត្តន៍ ហើយបានដឹងច្បាស់ពីប្រវត្តិសាស្រ្តនៃការដឹកនាំប្រទេសជាតិខ្មែរ ដែលមានថ្នាក់ដឹកនាំកំពូលមានការឈ្លាសវៃប្រកបដោយគតិបណ្ឌិត វីរភាព គុណធម៌ បុរសខ្លាំងបំផុតដែលបានរំដោះជាតិ កសាង អភិវឌ្ឍ ស្វែងរកសន្តិភាព ក្នុងគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិខ្មែរតែ១ ពិសេសចុងក្រោយនេះបានទប់ស្កាត់ការពារទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជាប្រកបដោយជោគជ័យ។

នៅរសៀលថ្ងៃដដែល ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅបានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយអ្នកសង្កេតការណ៍ចំនួន៥០នាក់ និងឃោសនិកចំនួន២០នាក់ ដែលត្រៀមឃោសនារយៈពេល១៤ថ្ងៃខាងមុខនេះ ដើម្បីជជែកពិភាក្សាការងារមួយចំនួន ដូចខាងក្រោម៖

* ត្រួតពិនិត្យឡើងវិញអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់អ្នកសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅទាំង៥២នាក់ ដែលត្រូវចុះប្រចាំការនៅតាមការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

* ត្រួតពិនិត្យឡើងវិញអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ក្រុមឃោសនិករបស់គណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅទាំង២០នាក់សម្រាប់ឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

* ក្រុមការងារទាំង២ក្រុមនេះបានទទួលការណែនាំអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់អ្នកសង្កេតការណ៍ និងឃោសនិកពីលោក ឈៀន តឿន ប្រធានគណៈកម្មាធិការបក្សស្រុកបាណន់ផងដែរ៕