(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានចង្អុលការដល់ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ និងក្រុមការងារស្រុក ឃុំ ភូមិនៃស្រុកទាំងពីរត្រូវខិតខំក្ដាប់ពីតម្រូវការនិងសំណូមរបស់ប្រជាជន ហើយត្រូវបន្តរួមគ្នាដោះស្រាយជូនប្រជាជនឱ្យបានជាប់លាប់ កុំចាំដល់ពេលបោះឆ្នោតបានធ្វើអំពើល្អដាក់ប្រជាជន។

ការណែនាំយ៉ាងម៉ឺងម៉ាត់នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំជីវភាពប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

បន្ទាប់ពីស្ដាប់នូវរបាយការណ៍ប្រចាំខែរបស់ប្រធានគណបក្សស្រុកទាំង២ហើយនោះ លោក ថោង ខុន បានបើកវេទិកាសាកសួរជាមួយប្រធានគណបក្សឃុំ និងគណបក្សស្រុកពីសតិអារម្មណ៍របស់ប្រជាជន និងសកម្មជនគណបក្សនៅមូលដ្ឋានឃុំមួយចំនួន ដើម្បីក្ដាប់ពីសភាពការណ៍ និងបានដាក់ចេញការណែនាំបន្ថែមចំពោះមុខ។

លោកប្រធាន ថោង ខុន បានណែនាំដល់ប្រធានគណបក្សស្រុក ឃុំ ភូមិ ពិសេសគឺក្រុមប្រឹក្សាឃុំត្រូវរួមគ្នាធ្វើអំពើល្អ ចុះសួរសុខទុក្ខប្រជាជន និងឆ្លៀតចូលរួមក្នុងពិធីនានា ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយប្រជាជន និងដើម្បីទាក់ទាញការគាំទ្រពីប្រជាជនមូលដ្ឋាន។

លោកបានថ្លែងយ៉ាងដូច្នេះថា «កុំចាំដល់ពេលបោះឆ្នោតចាំធ្វើអំពើល្អដាក់ប្រជាជន ពោលគឺត្រូវចុះជាប់ជាមួយប្រជាជន, ត្រូវធ្វើសកម្មភាពឱ្យបានព្រមគ្នា»

លោកប្រធានបានពន្យល់ឱ្យប្រធាន-សមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន និងក្រុមប្រឹក្សាឃុំត្រូវបកស្រាយបំភ្លឺចំពោះប្រជាជនដែលធ្លាប់មានការយល់ច្រឡំ ឬមានការនិយាយវាយប្រហារពីសំណាក់បក្សផ្សេងមកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីបំភ្លឺជូនប្រជាជនឱ្យបានយល់ច្បាស់ឡើងវិញ ហើយបង្កើនការជឿទុកចិត្តមកដល់អាជ្ញាធរភូមិ-ឃុំឡើងវិញ។

លោក ថោង ខុន បានជំរុញឱ្យក្រុមការងារគណបក្សចុះជួយមូលដ្ឋានត្រូវបន្តកសាងសមិទ្ធផលដែលជាតម្រូវការចាំបាច់របស់ប្រជាជន ដូចជា ប្រឡាយទឹក ផ្លូវក្នុងភូមិ ស្ពានជាដើម ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន កុំឱ្យប្រជាជនមានការរង់ចាំយូរដែលអាចបង្កជាការថ្នាំងថ្នាក់មកលើអាជ្ញាធរ។

លើសពីនេះ លោកប្រធាន ថោង ខុន បានណែនាំឱ្យប្រធានគណបក្សស្រុកទាំង២ត្រូវត្រៀមសម្ភារៈសម្រាប់ការឃោសនាបោះឆ្នោតទៅតាមប្រតិទិនរបស់ គ.ជ.ប និងចាប់ផ្ដើមការបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សផងដែរ។

មិនតែប៉ុណ្ណោះ លោកបានប្រាប់ដល់ប្រធានគណបក្សក៏ត្រូវបន្តពិនិត្យលើបញ្ហាអត្តសញ្ញាណបណ្ណរបស់សមាជិកបក្ស អ្នកគាំទ្របក្ស ថាតើពួកគាត់មានអត្តសញ្ញាណបណ្ណប៉ុន្មាននាក់ ហើយមានឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ.) ប៉ុន្មាននាក់ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ។

លោកបានកំណត់យកថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ខាងមុខ បើកកិច្ចប្រជុំបូកសរុបវាយតម្លៃការងារគណបក្ស និងក្រុមការងាររបស់ឃុំ ដើម្បីដាក់ទិសដៅប្ដេជ្ញាយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

លោក ថោង ខុន ក៏មិនភ្លេចក្រើនរំឭកដល់ប្រធាន-សមាជិកបក្សក្នុងស្រុកទាំង២បន្តយកចិត្តទុកដាក់លើបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដោយត្រូវបន្តការអប់រំផ្សព្វផ្សាយដល់ប្រជាជនអំពីហានិភ័យ ការបង្ការទប់ស្កាត់ ពិសេសការបន្តជំរុញ ប្រជាពលរដទៅចាក់វ៉ាក់សាំងទៅតាមវេនរបស់ពួកគាត់និងបន្តអនុវត្តវិធានការណ៍ «៣កុំ ៣ការពារ» ដើម្បីឱ្យសហគមន៍ជៀសឆ្ងាយពីជំងឺកូវីដ១៩៕