(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ បានថ្លែងថា មានប្រជាពលរដ្ឋខ្មែរ ប្រមាណ២,៥លាននាក់ បានរងគ្រោះដោយសារគ្រោះរាំងស្ងួត តែត្រូវបានជួយដោះស្រាយបានប្រមាណ ៧០-៨០ភាគរយហើយ។

ប្រាប់ Fresh News នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ពេលកំពុងធ្វើដំណើរចុះទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យស្ថានភាព ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះរាំងស្ងួតនោះ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលរងគ្រោះមានជាង ៤០០ឃុំ-សង្កាត់ ស្មើនិងជាង ១០០ស្រុក។ លោក ញឹម វណ្ណដា បានថ្លែងបន្តថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិត ដោយសារតែគ្រោះរាំងស្ងួតនេះឡើយ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះ «នៅក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ សរុបកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ មន្រ្តីរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ រួមនិងក្រុមហ៊ុនឯកជនមួយចំនួនផងនោះ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហាទឹកនេះ។ ពេលនេះប្រជាពលរដ្ឋប្រមាណ ២លាននាក់ហើយ ត្រូវបានជួយដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់» ។

លោក ញឹម វណ្ណដា បានឲ្យដឹងផងដែរ គ្រោះរាំងស្ងួតនេះ បានធ្វើឲ្យសត្វពាហនៈគោ-ក្របី នៅខេត្តស្ទឹងត្រែងងាប់ប្រមាណ ២០-៣០ក្បាល ហើយត្រីនៅបឹងទន្លេសាបងាប់ប្រមាណ៥០-៧០តោន។

បើតាមលោក ញឹម វណ្ណដា បច្ចុប្បន្នរថយន្តដឹកទឹកជូនប្រជាពលរដ្ឋ បានសម្រាកបន្តិសិនហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ហើយទឹកត្រូវបាន ដឹកដាក់ពេញពាងប្រជាពលរដ្ឋហើយនោះ។ បើទោះបីជាយ៉ាងណាយុទ្ធនាការដោះស្រាយបញ្ហាខ្វះទឹក មិនទាន់បានបញ្ចប់នៅឡើយទេ មន្រ្តីទាំងថ្នាក់ជាតិ និងក្រោមជាតិ បាននិងកំពុងបន្តចុះជីក ស្តារ និង ជួសជុលអណ្តូង​ ស្រះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ញឹម វណ្ណដា៕