(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ បានបណ្ដាលឲ្យ ប្រពន្ធ និងកូនស្រីតូចបានគៀបជាប់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុខណៈប្តីរងរបួសធ្ងន់ ដោយសារតែ មានរថយន្តដឹកទំនិញប្រភេទយីឌុប មួយគ្រឿងបុកពេញមួយទំហឹងលាន់ដូចរន្ទះ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ក្នុងភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក HINO ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-2811 អ្នកបើកបរមិនស្គាល់ឈ្មោះ ព្រោះរត់គេចបាត់ បានបើកបរពីកើតទៅលិច (ភ្នំពេញ-ព្រះស៊ីហនុ) លុះមកដល់ចំណុចខាងលើ បានជ្រុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាក CORROLA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-1060 បើកបរដោយឈ្មោះ ខៀវ រិទ្ធីពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរស៊ីឈ្នួលយាមដី ជាមួយនឹងប្រពន្ធឈ្មោះ យិន បុប្ផា អាយុ២៦ឆ្នាំ និងកូនស្រីម្នាក់ឈ្មោះ នី អាយុ៥ឆ្នាំ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតវិញ បានបណ្តាលឱ្យបុរសឈ្មោះ ខៀវ រិទ្ធីពិសិដ្ឋ រងរបួសធ្ងន់ និងបណ្ដាលឱ្យប្រពន្ធ និងកូនរបស់គាត់ បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ចំណែករថយន្តទាំង២ទទួលរងការខូចខាតយ៉ាងដំណំ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះខាងលើ មានទីលំនៅភូមិខ្នាតានង ឃុំស្វាយរំពេ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ស្រុក បានប្រមូលយកវត្ថុតាងដែលពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ហើយបាននិងកំពុងតាមស្រាវជ្រាវរកជនបង្ក ដើម្បីយកមកដោះស្រាយតាមនីតិវិធីច្បាប់៕