(ភ្នំពេញ)៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធក្នុងករណី ជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៣៦៩ ភូមិអណ្ដូងសង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងដកហូតបានថ្នាំញៀន ប្រភេទក្រាមសថ្លា២កញ្ចប់ ព្រមទាំងម៉ូតូម៉ាក Viva ពាក់ស្លាកលេខភ្នំពេញ 1BX-1080 ខណៈដែលជនសង្ស័យ កំពុងធ្វើសកម្មភាពជួញដូរ។
ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយ លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅ ទទួលផែនយុត្តិធម៍ និងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកចៅសង្កាត់ លោកមេភូមិផងដែរ។
លោកអធិការរងបានប្រាប់ Fresh News ថា បន្ទាប់ពីធ្វើការឃាត់ខ្លួន ហើយដកហូតបានថ្នាំញៀន២កញ្ចប់តូចរួចមក កម្លាំងរបស់លោក ក៏បន្ដឆែកឆេរបន្ទប់ស្នាក់នៅ របស់ជនសង្ស័យ ហើយរកឃើញថ្នាំក្រាមសថ្លា៦កញ្ចប់ថែមទៀត។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕