(ភ្នំពេញ)៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៦ កម្ពុជាបានបណ្ដេញជនបរទេស ដែលរស់នៅ និងធ្វើការខុសច្បាប់សរុបចំនួន១,៤៩៩នាក់ (ស្រីចំនួន១១២នាក់) ក្នុងនោះមានជនជាតិវៀតណាម ចំនួន៤២១នាក់។
របាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើមឆ្នាំ២០១៦ ក្នុងខែមករា កម្ពុជាបានបណ្ដេញជនបរទេសសរុបចំនួន៩៣៣នាក់ ស្រីចំនួន១៩៣នាក់ ក្នុងនោះជនជាតិវៀតណាម ចំនួន៧៧៨នាក់។ ក្នុងខែកុម្ភៈ កម្ពុជាបានបណ្ដេញជនបរទេសសរុប ចំនួន២១៣នាក់ ស្រីចំនួន៣២នាក់ មានជនជាតិវៀតណាម ចំនួន១០៦នាក់។ ក្នុងខែមីនា បានបណ្ដេញជនបរទេស ចំនួន១៦៦នាក់ ស្រីចំនួន៤៨នាក់ ជនជាតិវៀតណាមមាន ចំនួន១៥៧នាក់ និងក្នុងខែមេសា គិតត្រឹមថ្ងៃទី២០ កម្ពុជាបានបណ្ដេញជនបរទេសសរុប ចំនួន១៨៧នាក់ ស្រីចំនួន៣២នាក់ ក្នុងនោះមានជនជាតិវៀតណាម ចំនួន១៥៨នាក់។ តាមរបាយការណ៍បានបន្ថែមថា ចាប់តាំងពីក្រសួងមហាផ្ទៃបានបង្កើតនាយកដ្ឋានអន្តោប្រវេសន៍ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបណ្ដេញជនបរទេស ដែលរស់នៅខុសច្បាប់សរុបចំនួន៩,៧៥១នាក់ ស្រីចំនួន១,៣៩២នាក់ ក្នុងនោះក៏មានជនជាតិវៀតណាម ចំនួន៨,១៣៧នាក់ ស្រីចំនួន១,២៩៥នាក់ ផងដែរ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤ កម្ពុជាបានបណ្ដេញជនបរទេសសរុបចំនួន១,៣០៧នាក់ និងឆ្នាំ២០១៥ បានបណ្ដេញជនបរទេសសរុបចំនួន៦,៩៧៨នាក់ រួចមកហើយ៕