(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានក្រុមការងារទី៣ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចាត់តំណាង សហការជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ នាំយកថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី មកឧបត្ថម្ភដល់ប្រជាពលរដ្ឋចាស់ជរា កំពុងមានជីវភាពខ្វះខាត រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលត្រូវបានតំណាងលោក ជា ពិសី នាំយកមកឧបត្ថម្ភ ដើម្បីដោះស្រាយជីវភាពខ្វះខាត ដល់ប្រជាពលរដ្ឋចាស់ជរា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ ៤០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ថ្នាំពេទ្យ១កញ្ចប់, និងថវិកា ២០០,០០០រៀល។

ក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដល់ប្រជាពលរដ្ឋឲ្យថែទាំសុខភាពឲ្យបានល្អប្រសើរ ដោយអនុវត្តជាប់ជានិច្ចរាល់សារអប់រំនានា របស់ក្រសួងសុខាភិបាល ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ (រស់នៅធម្មតាតាមបែបគន្លងថ្មី) ក្រៅពីរួមគ្នាបន្តអនុវត្តវិធានការចាំបាច់ «៣កុំ ៣ការពារ និង២ចូលរួម» ដែលជាអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕